ថៃ៖ រដ្ឋមន្ត្រីរដ្ឋាភិបាល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អតីតនាយករដ្ឋមន្ត្រីដែលជាប់ពន្ធនាគាររបស់ប្រទេសថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត (Thaksin Shinawatra ) បានស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ ជាពាក្យចចាមអារ៉ាមនៃកិច្ចព្រមព្រៀសម្ងាត់សម្រាប់ការផ្លាស់ប្តូរការសុំលើកលែងទោស។ មហាសេដ្ឋីដែលមានអាយុ៧៤ឆ្នាំរូបនេះ ជានាយករដ្ឋមន្ត្រីជាប់ឆ្នោត២ដង ហើយត្រូវបាន បណ្តេញចេញក្នុងរដ្ឋប្រហារយោធាកាលពីឆ្នាំ២០០៦ ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារកាលពីសប្តាហ៍មុនភ្លាមៗបន្ទាប់ពីការវិលត្រលប់មកកាន់ព្រះរាជាណាចក្រមួយនេះវិញពីការនិរទេសខ្លួនរយៈពេល១៥ឆ្នាំ។
ការវិលត្រលប់មកកាន់ប្រទេសវិញស្របពេលជាមួយការវិលត្រឡប់មកវិញរបស់គណបក្សភឿថៃរបស់លោក មកដឹកនាំរដ្ឋាភិបាលក្នុងសម្ព័ន្ធភាពជាមួយគណបក្សនានាគាំទ្រដោយយោធា ដែលបង្កឲ្យមានមន្ទិលសង្ស័យការរាលដាលថា កិច្ចព្រមព្រៀងត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយពេលវេលាជាប់ពន្ធនាគាររបស់លោក។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចាំផ្ទះ លោក Wissanu Krea-ngam ( វិសានុ គ្រឿង៉ាម) បាននិយាយថា លោក Thasin បានស្នើសុំការលើកលែងទោសពីការជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ ពីបទអំពើពុករលួយ និងការបំពានអំណាច។
ដោយត្រូវបាសួរថាតើដំណើរការមានរយៈពេលយូរប៉ុណ្ណា លោក Wissanu និយាយថា វាពិតជាអាស្រ័យលើ ការអនុគ្រោះពីព្រះមហាក្សត្រ។ នីតិវិធីពីរដ្ឋាភិបាលមិនយូរនោះទេ ប៉ុន្តែអាស្រ័យរយៈពេលព្រះតម្រិះរបស់ព្រះមហាក្សត្រ។ ស្ថិតនៅក្រោមច្បាប់របស់ប្រទេសថៃ អ្នកជាប់ទោស អាចដាក់ពាក្យស្នើសុំលើកលែងទោស ដែលត្រូវបានអនុម័តពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឆ្លងកាត់នាយករដ្ឋមន្ត្រី ទៅកាន់ឧត្តមក្រុមប្រឹក្សារាជបល្ល័ង្កមុនពេលទៅដល់ព្រះមហាក្សត្រ Maha Vajiralongkorn ៕

