ភ្នំពេញ៖ រដ្ឋបាលខណ្ឌ ៧មករា ជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំពាក់ព័ន្ធនិងនីតិវិធីបញ្ជូនជនអនាថា ជនប្រើប្រាស់គ្រឿងញៀន ជនវ័យចំណាស់គ្មានទីពឹង និងកុមារអនាថា ដើម្បីបញ្ជូនទៅ តាមជំនាញធ្វើការកែប្រែ និងអប់រំ ឱ្យបានត្រឹមត្រូវ។
លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានស្នើសូមឲ្យអាជ្ញាធរ សមត្ថកិច្ចត្រូវធ្វើការកំណត់អត្តសញ្ញាណ ឲ្យច្បាស់លាស់ ចំពោះ ជនអានាថា ត្រូវធ្វើលិខិតទៅមន្ទីរសង្គមកិច្ច ដើម្បីការកែប្រែ និងអប់រំ និងជនប្រើប្រាស់គ្រឿងញៀន ត្រូវបញ្ជូនទៅមណ្ឌលបន្សាប គ្រឿងញៀន។ បើពុំដូចនោះទេជនដែលប្រើប្រាស់គ្រឿងញៀន បញ្ជូនទៅមន្ទីរសង្គមកិច្ច ហើយពេលដែលពួកគាត់ចេញមកវិញ នៅតែបន្តប្រើប្រាស់គ្រឿងញៀនដដែល។
លោកស្រី មុំ ចាន់ដានី បានបន្តថា ពាក់ព័ន្ធនឹងករណីជនមានពិការភាពដែលដាក់រទេះ និងភ្លេងច្រៀងតាមភ្លើងស្តុបចរាចរណ៍សំខាន់ៗ ក៏ដូចគ្នានោះដែរគឺមានមេខ្យល់ដែលដឹកជញ្ជូនជនមានពិការភាពទាំងនោះមកធ្វើការច្រៀង និងសុំលុយ ដើម្បីឧបត្ថម្ភទៅខាងនេះទៅខាងនោះ ជាដើម នេះគឺជាករណីឆបោកយ៉ាងពិតប្រាកដ។ ចំណែកកុមារអាណាថា ក៏មានមេខ្យល់ដើម្បីដឹកជញ្ជូនកុមារអនាថា ទាំងនោះដាក់នៅតាមដងផ្លូវសាធារណៈដើម្បីសុំលុយផងដែរ។ ជាចុងក្រោយលោកស្រី ប្រធានមន្ទីរសង្គមកិច្ច ស្នើសុំដ៏អាជ្ញាធរពាក់ព័ន្ធជួយស្រាវជ្រាវរកមុខសញ្ញាមេខ្យល់ ដើម្បីធ្វើការអប់រំណែនាំ បើមិនរាងចាលទេ និងចាត់ការតាមនីតិវិធី។
ក្នុងកិច្ចប្រជុំនេះ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករាបានលើកឡើងថា ចំពោះបញ្ហា សូមឱ្យមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលក៏ដូចជាសង្កាត់ទាំង០៨ ក្នុងភូមិសាស្រ្ត ខណ្ឌ៧មករា ឲ្យយកចិត្តទុកដាក់ពីបញ្ហា ក្មេងអនាថា សុំទានតាមដងផ្លូវ ជនប្រើប្រាស់គ្រឿងញៀន ជនមានពិការភាព ដែលច្រៀងតាមភ្លើងស្តុបចរាចរណ៍សំខាន់ៗ តាមសួនច្បារសាធារណៈ ជាដើម។
លោកអភិបាល បានបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីកុមារអានាថា ដែលដើរសុំលុយតាមដងផ្លូវសាធារណៈគឺអាចបង្កគ្រោះថ្នាក់ចរាចរណ៍ និងធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈផងដែរ៕ អត្ថបទ៖ កុម្ភៈ









