កីឡាករប្រណាំង F1 អង់គ្លេសទាំងពីរនាក់ Lewis Hamilton និង George Russell នឹងបន្តបើកបរឱ្យក្រុមប្រណាំង Mercedes យ៉ាងហោចណាស់ ២ ឆ្នាំទៀត។
កីឡាករវ័យ ៣៨ ឆ្នាំជើងឯកពិភពលោក ៧ សម័យ Lewis Hamilton បានចុះហត្ថលេខាបន្តកិច្ចសន្យាថ្មីជាមួយ Mercedes រយៈពេល ២ ឆ្នាំទៀត ស្របពេលដែល George Russell ក៏ដូច្នោះដែរ ដោយនឹងបន្តបើកបរឱ្យ Mercedes ដល់ឆ្នាំដំណាច់រដូវកាលថ្មី ២០២៥។

សម្រាប់ Hamilton ការបន្តកិច្ចសន្យានេះនឹងធ្វើឱ្យគេបន្តស្វែងរកជើងឯកពិភពលោកជាកំណត់ត្រាលើកទី ៨ តែទន្ទឹមនឹងគ្នាដែរ Mercedes ត្រូវរងការប្រកួតប្រជែងខ្លាំងពី Red Bull។
Hamilton និង Mercedes បានចោទប្រកាន់ថា ជើងឯកពិភពលោករបស់ Hamilton ត្រូវបានគេឆក់យកនៅទីលានចុងក្រោយទីក្រុង Abu Dhabi អារ៉ាប់រួមកាលពីឆ្នាំ ២០២១ ហើយតាំងពីពេលនោះមក Red Bull ដែលមាន Max Verstappen ស្ថិតនៅជួរមុខជានិច្ច។
រំលឹកថា Lewis Hamilton បានឈ្នះជើងឯកពិភពលោកជាមួយ Mercedes ចំនួន ៦ លើក ខណៈមួយលើកដំបូងឈ្នះជាមួយ McLaren ដែលនៅពេលនោះ McLaren ក៏ប្រើប្រាស់ម៉ាស៊ីន Mercedes ផងដែរ។
F1 ពិភពលោករដូវកាល ២០២៣ នេះ Lewis Hamilton កំពុងឈរលេខ ៤ ក្នុងតារាងជើងឯក ខណៈ George Russell ឈរលេខ ៧៕ អត្ថបទ៖នាង សុភាវុធ