
កណ្ដាល៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងពង្រីកសេវាថែទាំសុខភាពជូនពលរដ្ឋឱ្យបានជិត ៩លាននាក់ ។
ក្នុងឱកាសអញ្ជើញបន្តជួបសំណេះសំណាលជាមួយកម្មករ និយោជិត រោងចក្រ សហគ្រាស នានា នៅក្នុងក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី០១ ខែកញ្ញានេះ ឯកឧត្តមនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានចាប់ផ្ដើមអនុវត្តភ្លាម តាមគោលនយោបាយ ជាអាទិភាពចំនួន៦ចំណុចរបស់ខ្លួនឱ្យបានរហ័ស ព្រោះគណបក្សប្រជាជនកម្ពុជា មិនចេះតែនិយាយនោះទេ គឺធ្វើដោយ ប្រាកដប្រជាច្បាស់លាស់ ។
សូមបញ្ជាក់ថា កម្មវិធីគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល គឺការផ្តល់ការថែទាំ សុខ ភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល ដោយចាប់ផ្តើមពី (១). ការផ្តល់សេវាថែទាំសុខភាព ជូនគ្រួសារងាយរងហានិភ័យ ប្រមាណជាង៤៥ម៉ឺនគ្រួសារ, ស្មើនឹងសមាជិកសរុបជាង ១,៥លាននាក់ តាមរយៈការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល; និង (២). ការពង្រីករបបថែទាំសុខភាពរបស់ ប.ស.ស ទាំងសម្រាប់កម្មករ-និយោជិត និងសម្រាប់មន្ត្រីសាធារណៈ ដែលគ្របដណ្តប់បន្ថែមដល់សមាជិកគ្រួសារ និងអ្នកនៅក្នុងបន្ទុក ប្រមាណជាង៣លាននាក់ តាមគោលការណ៍ស្ម័គ្រចិត្ត ។ សរុបគម្រោងទាំងពីរនេះ នឹងធ្វើឱ្យប្រជាជនប្រមាណ៧,៤លាននាក់ មានលទ្ធភាពទទួលបាននូវរបបសន្តិសុខសង្គមផ្នែកសេវា ថែទាំសុខភាព ៕អត្ថបទ៖ មុត សុទ្ធ