ក្លិបនៅលីគបារាំង AS Monaco បានសំរេចក្នុងការនាំយកខ្សែប្រយុទ្ធអាមេរិក Folarin Balogun ពីកាំភ្លើងធំ Arsenal ក្នុងតម្លៃ ៣៥ លានផោន កិច្ចសន្យា ៥ ឆ្នាំ។
កីឡាករវ័យ ២២ ឆ្នាំរូបនេះបានត្រលប់មកពីលីគកំពូលបារាំងក្រោយចំណាយពេលពេញមួយរដូវកាលជាកីឡាករខ្ចីជើងនៅក្លិបបាល់ទាត់ Reims ដែលគេស៊ុតបញ្ចូលទីបាន ២២ គ្រាប់រដូវកាលមុន។
Folarin Balogun មិនទាន់បានបង្ហាញខ្លួននៅឡើយជាមួយ Arsenal រដូវកាលថ្មីនេះ បើទោះជាខ្សែប្រយុទ្ធជួរមុខ Gabriel Jesus កំពុងមានរបួសក៏ដោយ។

Balogun បង្ហាញខ្លួនជាមួយក្រុមធំ Arsenal ត្រឹម ២ ប្រកួតប៉ុណ្ណោះនៅ Premier League តាំងពីឡើងមកពីក្រុមយុវជននៅវ័យ ១៧ ឆ្នាំ។
កើតនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក Folarin Balogun បានផ្លាស់មករស់នៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេស តាំងពីក្មេង និងបានចូលហាត់ និងលេងឱ្យថ្នាលយុវជនរបស់ Arsenal តាំងពីនៅតូច។
មុន Arsenal ព្រមទទួលសំណើទិញពី Monaco, Folarin Balogun ធ្លាប់ចំណាយពេលជាកីឡាករខ្ចីជើងនៅ Middlesbrough និង Reims និងធ្លាប់មានការទាក់ទងពី Chelsea ផងដែរ៕ អត្ថបទ៖នាង សុភាវុធ
