ចិន៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian( អ៊ូ ឈាន) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ (៣១សីហា) ថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះការដាក់ពង្រាយយោធារបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយជំរុញឱ្យប្រទេសនេះធ្វើសកម្មភាពដើម្បីផលប្រយោជន៍នៃសន្តិភាព និងស្ថិរភាពក្នុងតំបន់។
ការលើកឡើងរបស់លោក Wu បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកមានគម្រោងបង្កើតទីតាំងការពារដែនអាកាសចំនួន២០ទីតាំងបន្ថែមទៀត ដែលបំពាក់ដោយមីស៊ីលស្ទាក់ចាប់ពីដីទៅលើអាកាស រ៉ាដា និងគ្រឿងយុទ្ធោបករណ៍ផ្សេងៗទៀតនៅលើកោះ Guam សហរដ្ឋអាមេរិក ហើយសាងសង់វាទៅជា «តំបន់ការពារខ្លាំងបំផុតក្នុងពិភពលោក»។
លោកWuបានបន្ថែមថា «ដោយស្ថិតក្រោមលេសនៃការគំរាមកំហែងដោយគ្មានមូលដ្ឋាន សហរដ្ឋអាមេរិកនៅតែបន្តជំរុញការដាក់ពង្រាយយោធារបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សន្តិសុខរបស់ប្រទេសផ្សេងៗ និងបង្កើនភាពតានតឹងក្នុងតំបន់ផងដែរ ហើយប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ»៕

