ហ្វីលីពីន៖ ក្រុមអាជ្ញាធរអគ្គិភ័យបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៣១សីហា) ថា អគ្គិភ័យនៅអាគារមួយដែលប្រើជាលំនៅដ្ឋាន និងឃ្លាំង បានសម្លាប់មនុស្ស១៦នាក់ និងបណ្ដាលឲ្យមនុស្ស៣នាក់របួស នៅក្នុងរដ្ឋធានីហ្វីលីពីនកាលពីថ្ងៃព្រហស្បតិ៍ (៣១សីហា)។
គេនៅមិនទាន់ពីមូលហេតុ ដែលបណ្ដាលឲ្យមានអគ្គិភ័យ ដែលបានចាប់ផ្ដើមទាំងព្រឹកព្រលឹម ហើយបានឆាបឆេះអាគារកំពស់ពីរជាន់ ដែលប្រើជាឃ្លាំង និងផ្ទះកម្មករ សម្រាប់អាជីវកម្មបោះពុម្ពអាវយឺត នេះនោះទេ។
អ្នកនាំពាក្យការិយាល័យការពារអគ្គិភ័យ លោក Douglas Guiyab បានប្រាប់ស្ថានីយវិទ្យុ DZRH ថា មនុស្ស៣នាក់បានរួចរស់ជីវិតដោយការលោតពីលើជាន់ទីពីរនៃអាគារនេះ។ ប្រទេសហ្វីលីពីន មានកំណត់ត្រាមិនច្បាស់លាស់ក្នុងការពង្រឹងនិយ័តកម្មសុវត្ថិភាពអគ្គិភ័យនៅក្នុងអគារ លំនៅដ្ឋាន និងការិយាល័យ។
គួររម្លឹកផងដែរថា កាលពីឆ្នាំ២០១៧ អគ្គិភ័យនៅផ្សារទំនើបមួយនៅភាគខាងត្បូងទីក្រុង Davao បានសម្លាប់ភ្នាក់ងារទទួលព័ត៌មានតាមទូរស័ព្ទចំនួន៣៧នាក់ និងមន្រ្តីសន្តិសុខម្នាក់។ កាលពីខែឧសភា អគ្គិភ័យដ៏ធំមួយក៏បានឆាបឆេះអគារប្រវត្តិសាស្ត្រនៃការិយាល័យប្រៃសណីយ៍កណ្តាលរបស់ទីក្រុងម៉ានីល ផងដែរ៕

