អាមេរិក៖ ក្រុមទាហានមកពីសហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី និងប្រទេសចំនួន៥ផ្សេងទៀតដូចជា អូស្ត្រាលី ជប៉ុន សិង្ហបុរី ចក្រភពអង់គ្លេស និងបារាំង បានចាប់ផ្តើមធ្វើសមយុទ្ធហ្វឹកហ្វឺនប្រចាំឆ្នាំកាលពីថ្ងៃព្រហស្បតិ៍ (៣១សីហា) នៅលើកោះជ្វាដ៏សំខាន់របស់ប្រទេសឥណ្ឌូណេស៊ី ខណៈដែលការឈ្លានពានរបស់ចិនកំពុងបង្កើនការព្រួយបារម្ភ។
ក្រុមទាហានអាមេរិក និងឥណ្ឌូនេស៊ី បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត Super Garuda Shield តាំងពីឆ្នាំ២០០៩មក ហើយអូស្ត្រាលី ជប៉ុន និងសិង្ហបុរី ក៏បានចូលរួមសមយុទ្ធនោះកាលពីឆ្នាំមុនផងដែរ។ កងកម្លាំងចក្រភពអង់គ្លេស និងបារាំង កំពុងចូលរួមក្នុងសមយុទ្ធនៅឆ្នាំនេះ ដោយមានបុគ្គលិកសរុបប្រមាណ៥.០០០នាក់។
ចិនមើលឃើញសមយុទ្ធដែលបានពង្រីកនេះ ថាជាការគំរាមកំហែង ដោយចោទប្រកាន់សហរដ្ឋអាមេរិកថា បានកសាងសម្ព័ន្ធភាពឥណ្ឌូប៉ាស៊ីហ្វិកស្រដៀងនឹងអង្គការណាតូ ដើម្បីដាក់កម្រិតឥទ្ធិពលយោធា និងការទូតដែលកំពុងកើនឡើងរបស់ចិននៅក្នុងតំបន់។
ប្រទេសប្រ៊ុយណេ ប្រេស៊ីល កាណាដា អាល្លឺម៉ង់ ឥណ្ឌា ម៉ាឡេស៊ី ហូឡង់ នូវែលហ្សេឡង់ ប៉ាពួញូហ្គីណេ ហ្វីលីពីន កូរ៉េខាងត្បូង និងទីម័រខាងកើត ក៏បានបញ្ជូនអ្នកសង្កេតការណ៍ទៅកាន់សមយុទ្ធរយៈពេលពីរសប្តាហ៍នៅតំបន់ Baluran ដែលជាទីក្រុងឆ្នេរសមុទ្រក្នុងខេត្តជ្វា ភាគខាងកើតនេះផងដែរ។
លោកឧត្តមសេនីយឯក Charles Flynn មេបញ្ជាការកងទ័ពអាមេរិកប្រចាំប៉ាស៊ីហ្វិក បាននិយាយថា ប្រទេសចំនួន១៩ដែលចូលរួមក្នុងការហ្វឹកហ្វឺននេះ គឺជាការបង្ហាញដ៏មានឥទ្ធិពលនៃសាមគ្គីភាពពហុភាគី ដើម្បីការពារតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ៕

