សិង្ហបុរី៖ ការបោះឆ្នោតប្រធានាធិបតី កំពុងដំណើរការ ខណៈដែលប្រជាជនសិង្ហបុរីនៅថ្ងៃសុក្រ(ទី១ ខែកញ្ញា) នេះ បានបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី៩របស់ប្រទេសនេះ។
បេក្ខជនបីរូបឈរឈ្មោះសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៣ ដែលជាការបោះឆ្នោតប្រកួតប្រជែងលើកដំបូង ចាប់តាំងពីឆ្នាំ ២០១១នោះ មានអតីតប្រធានផ្នែកវិនិយោគរបស់ GIC (មូលនិធិទ្រព្យសម្បត្តិរបស់សិង្ហបុរី) លោក Ng Kok Song ( ណឹង កុក សុង) អតីតទេសរដ្ឋមន្ត្រី លោក ថាម៉ាន សានមុហ្គារាត់ណាម (Tharman Shanmugaratnam) និងអតីតនាយកប្រតិបត្តិក្រុមហ៊ុន NTUC Income លោក Tan Kin Lian។
នាយកដ្ឋានរៀបចំការបោះឆ្នោតសិង្ហបុរី (ELD) បាននិយាយនៅថ្ងៃសុក្រនេះថា គិតត្រឹមម៉ោង១២ថ្ងៃត្រង់ ប្រជាជនសិង្ហបុរី ១.៤០៦.១៨២នាក់ បានបោះឆ្នោតនៅស្ថានីយបោះឆ្នោតចំនួន ១២៦៤កន្លែងនៅ ទូទាំងកោះនេះ ក្នុងយៈពេលនៃការបោះឆ្នោត៤ម៉ោងដំបូង។ ចំនួននេះគឺប្រហែល៥២ភាគរយនៃចំនួនអ្នកមានសិទ្ធិបោះឆ្នោតសរុប។
ប្រជាជនសិង្ហបុរីជាង២.៧លាននាក់ ត្រូវបានរំពឹងថា នឹងបោះឆ្នោត ហើយស្ថានីយបោះឆ្នោតទាំងអស់ត្រូវបើករហូតដល់ម៉ោង៨យប់ ហើយក្រោយម៉ោងនេះ ការរាប់សន្លឹកឆ្នោត ចាប់ផ្តើម៕


