ជប៉ុន៖ អត្រាស្លាប់របស់ប្រទេសជប៉ុន បានកើនឡើងនៅឆ្នាំ២០២១ ជាលើកដំបូងក្នុងរយៈពេលមួយទស្សវត្សរ៍ ដែលអាចបណ្តាលមកពីការរាតត្បាតនៃមេរោគឆ្លង។ ក្រុមអ្នកស្រាវជ្រាវមួយក្រុម នៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវមហារីកប្រទេសជប៉ុន បានសិក្សាការផ្លាស់ប្តូរនៅក្នុងអត្រាមរណៈដោយផ្អែកលើទិន្នន័យប្រជាសាស្រ្ត ដែលចេញផ្សាយដោយរដ្ឋាភិបាលសម្រាប់រយៈពេល២៧ឆ្នាំរហូតដល់ឆ្នាំ២០២១។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា អត្រាមរណៈនៅឆ្នាំ២០២១ គឺមានកម្រិត៩៨៩,៦នាក់ក្នុងមនុស្ស១០០.០០០នាក់។ តួលេខនោះគឺកើនឡើងចំនួន២,២ភាគរយពីចំនួន៩៦៨,៤នាក់កាលពីឆ្នាំមុន។ អត្រាមរណភាពក្នុងចំណោមជនជាតិជប៉ុន បានធ្លាក់ចុះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ កំណើននៃឆ្នាំ២០២១ គឺជាការកើនឡើងជាលើកដំបូងចាប់តាំងពីឆ្នាំ២០១១មក ខណៈអត្រានោះបានកើនឡើងដោយសារតែការរញ្ជួយដីដ៏ខ្លាំងក្លា និងរលកយក្សស៊ូណាមិ ដែលបានវាយប្រហារភាគខាងកើតប្រទេសជប៉ុន។
ក្នុងចំណោមមូលហេតុនៃការស្លាប់ ដែលជំរុញឱ្យមានកំណើនអត្រាស្លាប់ក្នុងឆ្នាំ២០២១នោះ គឺបណ្ដាលមកពីជំងឺកូវីដ១៩ ជរាពាធ និងជំងឺបេះដូង។ ក្រុមស្រាវជ្រាវនោះបាននិយាយថា កំណើននេះគឺដោយសារតែផលប៉ះពាល់នៃជំងឺកូវីដ១៩ និងការរឹតបន្តឹងសេវាវេជ្ជសាស្រ្តក្នុងអំឡុងពេលជំងឺរាតត្បាត។
អ្នកស្រាវជ្រាវម្នាក់ឈ្មោះ Tanaka Hirokazu នៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវមហារីករបស់ជប៉ុនបាននិយាយថា លទ្ធផលនេះបង្ហាញពីផលប៉ះពាល់នៃជំងឺរាតត្បាតលើអត្រាមរណភាព។ លោកបានបន្ថែមថា ការពន្យារពេលក្នុងការព្យាបាលជំងឺមហារីក និងការផ្អាកការត្រួតពិនិត្យសុខភាព អាចមានឥទ្ធិពលលើអត្រាមរណភាពនៃជំងឺមហារីកនាពេលអនាគតផងដែរ៕


