លីប៉ង់ ៖ រដ្ឋាភិបាលតាលីបង់ដែលកំពុងកាន់អំណាចរបស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា ខ្លួនបានចុះហត្ថលេខាលើកិច្ចសន្យារុករករ៉ែចំនួន៧កាលពីថ្ងៃព្រហស្បតិ៍ ដែលមានទំហំទឹកប្រាក់ចំនួន ៦,៥ ពាន់លានដុល្លារក្នុងការវិនិយោគ ដែលជាកិច្ចព្រមព្រៀងដ៏ធំបំផុតនេះ ចាប់តាំងពីការដណ្តើមអំណាច កាលពីពីរឆ្នាំមុន។
កិច្ចសន្យាទាំង៧នេះ គឺជាមួយនឹងក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងស្រុក ដែលភាគច្រើនមានដៃគូបរទេសក្នុងប្រទេសរួមមានប្រទេសចិន អ៊ីរ៉ង់ និងទួរគី។ ពួកគេរាប់បញ្ចូលទាំងការទាញយក និងកែច្នៃ រ៉ែដែក សំណ ស័ង្កសី និងមាសនៅក្នុងខេត្តចំនួន៤គឺ ហ៊ីរ៉ាត់(Herat) ហ្គ័រ (Ghor)ឡូហ្គា (Logar) និងតាកហា (Takhar)។
សេចក្តីថ្លែងការណ៍ស្តីពីកិច្ចសន្យាទាំងនោះពីឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច លោក អាប់ ហ្គានី បារ៉ាដា អាក់ហ៊ុន (Abdul Ghani Baradar Akhund) បានផ្តល់ព័ត៌មានលម្អិតមួយចំនួន ប៉ុន្តែបាននិយាយថា ពួកគេនឹងបង្កើតការងាររាប់ពាន់ និងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសនេះមានភាពល្អប្រសើរឡើង។
លោក ចាវេដ ណូរ៉ានី (Javed Noorani) អ្នកជំនាញក្នុងវិស័យរុករករ៉ែរបស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា តួលេខណាមួយ ដែលបានផ្តល់ឲ្យសម្រាប់កិច្ចព្រមព្រៀងទាំងនេះ អាចមានការយល់ច្រឡំ លុះត្រាតែពួកវានាំទៅរកប្រតិបត្តិការរុករករ៉ែ ដែលសម្រេចបានពេញលេញជាក់សែ្តង ដែលអាចចំណាយពេលរាប់ឆ្នាំ។

