ភ្នំពេញ៖ នៅពេលខាងមុខនេះ និស្សិតកម្ពុជាចំនួន ២៥៥នាក់ នឹងត្រូវចេញទៅកាន់ប្រទេសអ៊ីស្រាអែលរយៈពេល ១១ខែ ដើម្បីក្រេបយកចំណេះដឹង និងបទពិសោធ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជាពេលត្រឡប់មកមាតុប្រទេសវិញ។
ក្នុងពិធីសំណេះសំណាល និងជូនដំណើរនិស្សិតដែលនឹងត្រូវទៅចូលរួមកម្មវិធីហាត់ការនៅប្រទេសអ៊ីស្រាអែល កាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣កន្លងទៅ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវការអបអរសាទរនិង គាំទ្រចំពោះការហាត់ការនេះ ដើម្បីចូលរួមលើកកម្ពស់ការអប់រំបណ្តុះបណ្តាល និងការអនុវត្តជំនាញជាក់ស្តែង ឈានទៅអភិវឌ្ឍធនធានមនុស្ស។
ឯកឧត្តមរដ្ឋមន្ដ្រីបានមានប្រសាសន៍ថា ប្អូនៗនិស្សិតនឹងមានឱកាសរួមចំណែកជួយដល់វិស័យកសិកម្ម តាមរយៈគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីនីតិកាលទី៧ ក្នុងការពង្រាយអ្នកជំនាញកសិកម្មនៅតាមគ្រប់មូលដ្ឋាន ដើម្បីចូលរួមដោះស្រាយបញ្ហានានាក្នុងផលិតកម្មបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
នាឱកាសនេះដែរ ឯកឧត្តម ឌិត ទីណា បានលើកទឹកចិត្ត និងណែនាំដល់ក្រុមនិស្សិត ត្រូវមានទំនាក់ទំនងល្អ ចេះជួយគ្នាក្នុងនាមប្រជាជាតិតែមួយ ត្រូវមានការតាំងចិត្តខិតខំរៀនសូត្រ ពង្រឹងសមត្ថភាពជំនាញ ភាសា មិនរើសអើងការងារ ហើយត្រូវបំពេញការងារឱ្យអស់ពីសមត្ថភាពតាមដែលអាចធ្វើទៅបាន មានភាពម្ចាស់ការ និងជាពិសេសត្រូវវិភាគពិចារណាថាតើការងារនិងបទពិសោធដែលរៀនសូត្របានពីបរទេស អាចយកមកអនុវត្តបានយ៉ាងដូចម្ដេចនៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឱ្យមានភាពរីកចម្រើនឡើងបន្ថែមទៀត។ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់ប្អូនៗនិស្សិត ត្រូវគោរពច្បាប់ប្រទេសដែលខ្លួនទៅហាត់ការឱ្យបានល្អ។ ការណ៍នេះ សំខាន់ខ្លាំងណាស់ ព្រោះវាជាកញ្ចក់ឆ្លុះបញ្ចាំងពីតម្លៃ និងអត្តសញ្ញាណរបស់ជនជាតិខ្មែរនៅលើឆាកអន្ដរជាតិ៕ ដោយ ៖ បូរ៉ាវី







