អាមេរិក ៖ អភិបាលតំបន់នេះ និងមន្ត្រីពីររូបផ្សេងទៀត បានប្រាប់សារព័ត៌មានថា យោធាសហរដ្ឋអាមេរិកកំពុងពិភាក្សាដើម្បីអភិវឌ្ឍន៍កំពង់ផែស៊ីវិលមួយនៅកោះដាច់ស្រយាលនៅចុងខាងជើងបំផុតនៃប្រទេសហ្វីលីពីន ដែលជាវិធានការមួយនឹងជំរុញសរហរដ្ឋអាមេរិកចូលទៅកាន់ប្រជុំកោះដែលមានទីតាំងយុទ្ធសាស្ត្រ នៅទល់មុខនឹងកោះតៃវ៉ាន់។
ការចូលរួមផ្នែកយោធារបស់សហរដ្ឋអាមេរិកនៅក្នុងកំពង់ផែដែលបានស្នើឡើងនៅកោះBatanes មានចម្ងាយមិនដល់ ២០០ គីឡូម៉ែត្រ (១២៥ម៉ាយ) ពីកោះតៃវ៉ាន់ អាចបង្កឲ្យមានភាពតានតឹង នៅពេលមានការកើនឡើងនៃជម្លោះជាមួយប្រទេសចិន និងការជំរុញដោយទីក្រុងវ៉ាស៊ីនតោន ដើម្បីពង្រឹងទំនាក់ទំនងសន្ធិសញ្ញាការពារជាតិ ដែលមានរយៈពេលយូរជាមួយនឹងប្រទេសហ្វីលីពីន។
ផ្លូវទឹក Bashi Channel រវាងកោះទាំងនោះ និងកោះតៃវ៉ាន់ ត្រូវបានចាត់ទុកថាជាផ្លូវយុទ្ធសាស្ត្រសម្រាប់នាវាដែលផ្លាស់ទីរវាងប៉ាស៊ីហ្វិកខាងលិច និងសមុទ្រចិនខាងត្បូង ដែលមានជម្លោះ និងជាផ្លូវទឹកដ៏សំខាន់នៅក្នុងករណីប្រទេសចិនក្រសោបកោះតៃវ៉ាន់។ អាជ្ញាធរការពារជាតិតៃវ៉ាន់ បាននិយាយថា យោធាចិនតែងតែបញ្ជូនកប៉ាល់ និងយន្តហោះឆ្លងកាត់ផ្លូវទឹកនេះ។
លោកស្រី ម៉ារីលួ កាយកូ (Marilou Cayco ) អភិបាលខេត្តនៃកោះ Batanes បានប្រាប់សារព័ត៌មាន នៅក្នុងសារមួយថា លោកស្រី បានស្វែងរកមូលនិធិពីសហរដ្ឋអាមេរិកសម្រាប់ការសាងសង់ «កំពង់ផែជម្រើសមួយ» នៅទីនោះ ដែលមានបំណងជួយដល់ការដឹកទំនិញចេញពីរដ្ឋធានីម៉ានីលក្នុងអំឡុងពេលសមុទ្រមានខ្យល់ព្យុះ និងរលកធំៗ នៅរដូវភ្លៀងធ្លាក់។

