
ប្រទេសជប៉ុនបានសម្រេចចិត្តដាក់ទណ្ឌកម្មបន្ថែមលើប្រទេសកូរ៉េខាងជើង បន្ទាប់ពីការប៉ុនប៉ងម្តងហើយម្តងទៀតរបស់ទីក្រុងព្យុងយ៉ាង ក្នុងការបាញ់មីស៊ីល ដោយប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលបាលីស្ទិក។
ប្រទេសកូរ៉េខាងជើងបានព្យាយាមបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធា កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ហើយនៅមុននោះមួយថ្ងៃ ប្រទេសនេះ ក៏បានបាញ់សាកល្បងផងដែរនូវអ្វី ដែលទំនងជាមីស៊ីលបាលីស្ទិក។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ រដ្ឋាភិបាលរបស់ប្រទេសជប៉ុនបានសម្រេចចិត្តបន្ថែមអង្គភាពចំនួន៣ និងបុគ្គលចំនួន ៤រូប ទៅក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួន។ គោលដៅបន្ថែមរួមមានក្រុមលួចព័ត៌មានបច្ចេកវិទ្យា Andariel។ ដូច្នេះ ឥឡូវនេះ ជប៉ុននឹងបង្កកទ្រព្យសម្បត្តិរបស់អង្គភាពចំនួន ១៤០ និងបុគ្គលចំនួន ១២៨នាក់។
ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីលោក Matsuno Hirokazu បានប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំថា រដ្ឋាភិបាលនឹងអំពាវនាវយ៉ាងមុតមាំឲ្យកូរ៉េខាងជើងចាត់វិធានការជាក់ស្តែង ដើម្បីដោះស្រាយបញ្ហានានា រួមទាំងការចាប់ពង្រត់ជនជាតិជប៉ុន និងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។ លោកបានបន្ថែមថា រដ្ឋាភិបាលនឹងស្វែងរកការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងដោយការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង៕