
ប្រទេសចិន បានចេញការព្រមានកម្រិតខ្ពស់បំផុត ស្របពេលដែលព្យុះទីហ្វុង Saola បោកបក់ជិតដល់តំបន់ឆ្នេរភាគអាគ្នេយ៍ ធ្វើឲ្យមានការគំរាមកំហែងដល់ទីក្រុងហុងកុង និងទីក្រុងមជ្ឈមណ្ឌលផលិតធំៗផ្សេងទៀតនៅខេត្តក្វាងទុង ។
ក្រុមព្យាករណ៍ចិន បានចេញការប្រកាសអាសន្នព្យុះទីហ្វុងកម្រិតពណ៌ក្រហម នៅវេលាម៉ោង ៦ព្រឹកថ្ងៃព្រហស្បតិ៍ ហើយមន្ទីរឧតុនិយមជាតិចិន និយាយថា ព្យុះ Saolaដែលស្ថិតនៅចម្ងាយប្រហែល ២៩៥គ.មភាគអាគ្នេយ៍ខេត្តក្វាងទុង នឹងធ្វើដំណើរទៅទិសពាយ័ព្យ ឆ្លងកាត់សមុទ្រចិនខាងត្បូងក្នុងល្បឿនប្រហែល ១០គ.មក្នុង១ម៉ោង ដោយបោកបក់យឺតៗឆ្ពោះទៅកាន់តំបន់ឆ្នេរខេត្តក្វាងទុង ហើយបន្ទាប់មកនឹងថមថយកម្លាំងវិញ ។ ព្យុះនេះដែរ មានកម្លាំងខ្យល់បោកបក់ក្នុងល្បឿន ២០៩គ.មក្នុង១ម៉ោង ។
ព្យុះ Saolaបានបោកបក់ឆ្លងកាត់ប្រទេសហ្វីលីពីនកាលពីដើមសប្តាហ៍នេះ ដោយគ្មានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់នោះទេមកទល់នឹងពេលនេះ ។
ទោះបីជាយ៉ាងណាក៏ដោយ នៅតាមតំបន់ភាគខាងជើងនៃកោះប្រទេសហ្វីលីពីន ភ្លៀងធ្លាក់ខ្លាំងដោយសារចំហាយព្យុះ ធ្វើឲ្យជន់លិចភូមិដ្ឋានប្រជាពលរដ្ឋស្ថិតតាមតំបន់ទំនាប និងធ្វើឲ្យមនុស្សជិត ៥ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួន ។
សូមបញ្ជាក់ថា ព្យុះ Saolaនឹងបោកបក់ដល់ដីគោកនៅចិន នៅតាមបណ្តោយតំបន់ឆ្នេរ ចាប់ពីស្រុក Huilaiនៅខេត្តក្វាងទុង រហូតដល់ទីក្រុងហុងកុង ចន្លោះពេលរសៀល និងពេលយប់ថ្ងៃសុក្រ ៕