ភ្នំពេញ៖ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ក្រសួងកសិកម្មកំពុងបន្តធ្វើទំនើបកម្មបែបឌីជីថល ដើម្បីបង្កភាពងាយស្រួល រហ័ស ម្ចាស់ការ និងប្រសិទ្ធភាព ក្នុងការផ្ដល់សេវាដល់ប្រជាកសិករ ក្នុងនោះក៏ទាមទារឲ្យមានការសហការពីវិស័យឯកជន សម្រាប់ផ្នែករឹង (Hardware) និងផ្នែកទន់ (Software)ផងដែរ។
នៅក្នុងជំនួបពិភាក្សាអំពីការផ្លាស់ប្តូរឌីជីថល (Digital Transformation) ជាមួយអគ្គនាយកក្រុមហ៊ុនមិត្តហ្វូន កាលពីថ្ងៃទី៣១ ខែសីហាកន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការត្រូវការ ការសហការពីវិស័យឯកជនសម្រាប់ផ្នែកទាំងពីរនេះ ក្នុងនោះសម្រាប់ផ្នែករឹង (Hardware) គឺក្រសួងត្រូវការប្រភេទដ្រូន (Drone) សម្រាប់ឈ្លបយកការ ដោយមានសមត្ថភាពហោះបានឆ្ងាយ ដើម្បីបម្រើក្នុងការបង្ក្រាបបទល្មើសនេសាទ និងបទល្មើសព្រៃឈើ ព្រមទាំងការងារអភិរក្សសត្វផ្សោតនៅខេត្តក្រចេះ និងស្ទឹងត្រែង។ រីឯផ្នែកទន់ (Software) គឺការបណ្តុះបណ្តាលធនធានមនុស្ស ដែលក្នុងនោះរួមមានជំនាញកសិកម្ម បច្ចេកវិទ្យាថ្មីៗ ព្រមទាំងភាសាអង់គ្លេស ដើម្បីពង្រឹងគុណភាព និងបង្កើនប្រសិទ្ធភាពការងារ។
ឆ្លៀតក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងអរគុណក្រុមហ៊ុនមិត្តហ្វូន ដែលបានជួយដល់សាលាកសិកម្មក្នុងការអភិវធ្ឍធនធានមនុស្ស។ ឯកឧត្តម បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិថ្មីនីតិកាលទី៧នេះ ក្រសួងកសិកម្ម នឹងផ្តោតលើកម្មវិធីអភិវឌ្ឍ ជាពិសេសអ្នកជំនាញកសិកម្ម ដើម្បីជួយដល់កសិករនៅមូលដ្ឋានទូទាំងប្រទេស ដែលនេះជាគោលដៅអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា៕ ដោយ ៖ បូរ៉ាវី



