
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋមន្រ្តីការបរទេសឥណ្ឌាលោក Subhramanyam Jaishankar បាននិយាយថា ការវាយលុករបស់ទីក្រុងម៉ូស្គូលើប្រទេសអ៊ុយក្រែនកាលពីឆ្នាំមុន បានធ្វើឲ្យតម្លៃប្រេង និងតម្លៃគ្រាប់ធុញ្ញជាតិកើនឡើងខ្ពស់ ហើយនិងនាំឲ្យកើតមានអតិផរណានៅក្នុងសេដ្ឋកិច្ចសកល ។
ជម្លោះបណ្តាលឲ្យមានស្រមោលខ្មៅលើវិស័យការទូតសកល ចាប់តាំងពីវាបានចាប់ផ្តើមកាលពីខែកុម្ភៈឆ្នាំមុន ។ ឥណ្ឌាបច្ចុប្បន្នដែលជាប្រធានកិច្ចប្រជុំកំពូលក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ G20 ប្រកាន់គោលជំហរអព្យាក្រឹតភាគច្រើន ដោយជាទូទៅពួកគេបដិសេធន៍ពុំថ្កោលទោសរុស្ស៊ី និងនិយាយជំទាស់ចំពោះដំណោះស្រាយការទូត ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Jaishankar និយាយថា ប្រទេសរបស់លោកឈរខាងសន្តិភាព ។ លោកថា គ្មាននរណាម្នាក់ចង់បានជម្លោះមួយនេះឡើយ ។ ជម្លោះមួយនេះដូចលោកបាននិយាយរួចហើយថាបណ្តាលឲ្យមានបញ្ហាតម្លៃប្រេង តម្លៃគ្រាប់ធុញ្ញជាតិកើនឡើងខ្ពស់ តម្លៃជីកសិកម្មក៏កើនឡើងខ្ពស់ ជាក់ស្តែងដូចស្ថានភាពនៅប្រទេសស្រីលង្កា ក្រោយសេណារីយោមួយនេះ ។
លោក Jaishankar បាននិយាយនៅក្នុងព្រឹត្តការណ៍ក្នុងទីក្រុងញូវដែល្លីថា ផ្នត់គំនិតនៅក្នុងពិភពលោកបច្ចុប្បន្នគឺចង់បានសន្តិភាព ។ ពួកយើងមិនអព្យាក្រឹត ពួកយើងឈរខាងសន្តិភាព ហើយពិភពលោកនៅជាមួយពួកយើង ។
អំឡុងព្រឹត្តការណ៍រយៈពេល ២ថ្ងៃនោះដែរ ឥណ្ឌាសង្ឃឹមថានឹងជំរុញឲ្យមានកិច្ចព្រមព្រៀងនៅក្នុងចំណោមប្រទេសសមាជិក លើបញ្ហាជាច្រើន ចាប់ពីកំណែទម្រង់ធនាគារពហុភាគី រហូតដល់ការបង្កើតវិធីសាស្រ្តសកលលើរូបិយប័ណ្ណគ្រីបតូ ៕