
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយនៅថ្ងៃសុក្រ (ថ្ងៃទី១ ខែកញ្ញា) នេះ ថា លោកបានប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres ថា កិច្ចប្រជុំតាមអនឡាញ ដែលត្រូវបានធ្វើឡើង ជុំវិញរូបមន្តសន្តិភាពរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ក្នុងខែសីហា គឺជារឿង «មិនអាចទទួលយកបាន» នោះទេ។
ប្រធានាធិបតី Zelenskiy បានផ្សព្វផ្សាយនូវគោលការណ៍ចំនួន១០ ដែលទីក្រុងគីវ ចង់យកមកធ្វើជាមូលដ្ឋាន សម្រាប់សន្តិភាព ដើម្បីបញ្ចប់ «ប្រតិបត្តិការយោធាពិសេស» របស់រុស្ស៊ី ដែលបានចាប់ផ្តើម នៅអ៊ុយក្រែន កាលខែកុម្ភៈ ឆ្នាំ២០២២។ គោលការណ៍ទាំងនោះ រួមមានការដកកងទ័ពរុស្ស៊ីទាំងអស់ និងការប្រគល់ត្រឡប់មកវិញនូវដែនដីរបស់អ៊ុយក្រែនទាំងអស់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។
ជាមួយគ្នានេះ លោក Lavrov ក៏បាននិយាយផងដែរថា រុស្ស៊ីក៏នឹងប្រឆាំងផងដែរចំពោះសេចក្ដីថ្លែងការណ៍ចុងក្រោយរបស់កិច្ចប្រជុំកំពូលនៃក្រុមប្រទេសទាំង២០ (G20) ក្នុងខែនេះ ប្រសិនបើសេចក្ដីប្រកាសនោះមិនឆ្លុះបញ្ចាំងពីគោលជំហររបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែន និងវិបត្តិផ្សេងៗ ដោយទុកឲ្យក្រុមប្រទេសចូលរួមចេញសេចក្តីថ្លែងការណ៍មិនផ្លូវការ ឬមិនគ្រប់ជ្រុងជ្រោយ។
គួរបញ្ជាក់ដែរថា លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ គ្រោងនឹងតំណាងឲ្យប្រទេសរុស្ស៊ី នៅក្នុងកិច្ចប្រជុំ នៅថ្ងៃទី ៩-១០ ខែកញ្ញារបស់ក្រុមប្រទេសឧស្សាហកម្មលូតលាស់ឈានមុខគេ និងកំពុងអភិវឌ្ឍន៍ចំនួន២០ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ខណៈដែលលោក វ៉្លាឌីមៀរ ពូទីន មិនត្រូវបានគេដឹងថា បានធ្វើដំណើរទៅក្រៅប្រទេសនោះឡើយ គិតចាប់តាំងពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានចេញដីកាចាប់ខ្លួនលោក កាលពីខែមីនា ពីបទសង្ស័យឧក្រិដ្ឋកម្មសង្គ្រាម នៅប្រទេសអ៊ុយក្រែន៕