ព្យុះទីហ្វុង Saola បានវាយបោកបក់មកលើច្រាំងនៅប្រទេសចិនភាគខាងត្បូងនៅព្រឹកថ្ងៃសៅរ៍ ទី ២ ខែកញ្ញានេះ ខណៈបានចុះខ្សោយ ប៉ុន្តែនៅតែមានការគំរាមដ៏គ្រោះថ្នាក់ដែលបានវាយបោកបក់លើក្រុងហុងកុង និងបានបង្ខំមនុស្សរាប់លាននាក់ស្វែងរកទីសុវត្ថិភាពសម្រាប់ព្យុះមានឥទ្ធិពលបំផុតមួយនៅក្នុងតំបន់នេះក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ មនុស្សរាប់សិបលាននាក់នៅទូទាំងទីក្រុងហុងកុង ទីក្រុងShenzhenនិងទីក្រុងធំៗផ្សេងទៀតរបស់ប្រទេសចិនភាគខាងត្បូងបានត្រៀមទប់ទល់សម្រាប់ការគំរាមកំហែងដោយព្យុះស៊ីក្លូនដែលត្រូវបានវាយតម្លៃថាជាព្យុះទីហ្វុងកំណាច។
មជ្ឈមណ្ឌលឧតុនិយមជាតិប្រទេសចិន បាននិយាយថា ព្យុះ Saola បានបោកបក់ដល់ដីគោកនៅម៉ោងប្រហែល ៣.៣០នាទី ព្រឹកថ្ងៃសៅរ៍ ម៉ោងក្នុងតំបន់ ឆ្ពោះទៅកាន់ភាគខាងត្បូងទីក្រុង Zhuhai ( ជូហៃ) ក្នុងខេត្តក្វាងទុង (Guangdong) ភាគខាងត្បូងនៃមជ្ឈមណ្ឌលកាស៊ីណូម៉ាកាវ។ មនុស្សជាង ៨៨០.០០០ នាក់ត្រូវបានជម្លៀសចេញនៅទូទាំងខេត្តចំនួន ២ របស់ប្រទេសចិន មុនពេលព្យុះ Saola បោកបក់មកដល់ដីគោក ហើយជើងហោះហើររាប់រយត្រូវបានលុបចោលនៅទូទាំងតំបន់ ខណៈដើមឈើបានដាក់រលំនៅតាមដងផ្លូវដែលមានភ្លៀងធ្លាក់ក្នុងទីក្រុងហុងកុង។ ការិយាល័យអាកាសធាតុជាតិប្រទេសចិនបានព្យាករណ៍ថា ព្យុះ Saola «អាចនឹងក្លាយជាព្យុះទីហ្វុងមានឥទ្ធិពលបំផុតវាយបោកបក់ដល់ដីគោកនៅតំបន់ដីសណ្ដទន្លេ Pearl ចាប់តាំងពីឆ្នាំ ១៩៤៩មក» ដោយនិយាយសំដៅទៅលើតំបន់ទំនាប រួមមានទីក្រុងហុងកុង ម៉ាកាវ និងខេត្តក្វាងទុង (Guangdong) ។ ជាមួយការវាយបោកបក់ផ្ទាល់ដែលអាចកើតមាន អាជ្ញាធរក្នុងទីក្រុងហុងកុងបានបង្កើនកម្រិតព្រមានកាលពីល្ងាចថ្ងៃសុក្រដល់កម្រិតខ្ពស់បំផុតនៅទីក្រុងគឺ T10 ដែលធ្លាប់បានចេញផ្សាយ ១៦ ដងចាប់តាំងពីសង្គ្រាមលោកលើកទី ២ មុនពេលព្យុះ Saola ។ អាជីវកម្មនានាបានបិទទ្វារ សាលារៀនក៏ត្រូវបានបិទ ហើយបានលុបចោលជើងហោះហើរជាច្រើន។