
ក្រុមមន្ត្រីក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក កំពុងជំរុញឲ្យប្រជាជនចាកចេញពីលំនៅឋានរបស់ពួកគេ បន្ទាប់ពីចំហេះឆេះព្រៃដ៏ខ្លាំងក្លាមួយ បានចាប់ផ្ដើមកើតមានឡើង នៅភាគខាងជើងនៃទីក្រុង Houston។
យោងតាមការិយាល័យគ្រប់គ្រងគ្រាអាសន្ននៃតំបន់ Walker បានឲ្យដឹងថា អគ្គិភ័យដ៏ធំមួយ បានឆាបឆេះ កាលពីរសៀលថ្ងៃសុក្រ (ទី១ ខែសីហា) នៅតំបន់ព្រៃមួយ តាមបណ្តោយផ្លូវ Lost Indian Camp Road។
ការផ្ដល់នូវបច្ចុប្បន្នភាពចុងក្រោយពីក្រុមមន្ត្រី បានឲ្យដឹងថា អណ្ដាតភ្លើង បានឆេះរាលដាលលើផ្ទៃដីទំហំ ១.២០០ហិកតា ហើយត្រូវបានពន្លត់ត្រឹម ១០ភាគរយប៉ុណ្ណោះ។
ត្រឹមតែប៉ុន្មានម៉ោងមុននេះ ចំហេះត្រូវបានគេប៉ាន់ប្រមាណថា បានឆាបឆេះពាសពេញផ្ទៃដី ១០០ហិកតា មុនពេលឆេះឡើងដល់ ៥០០ហិកតា និងបន្ទាប់មក ១០០០ហិកតា ដែលជំរុញឲ្យមន្ត្រីរស់នៅក្បែរៗនោះភៀសខ្លួនចេញ៕