
សម្តេចប៉ាប ហ្វ្រង់ស៊ីស នៅថ្ងៃសៅរ៍ (ថ្ងៃទី២ ខែកញ្ញា) នេះ បានអំពាវនាវដល់បណ្ដាមេដឹកនាំនានា ក្នុងពិភពលោក ឲ្យលុបបំបាត់ «ស្រមោលដ៏ងងឹតនៃសង្គ្រាម» អំឡុងសុន្ទរកថារបស់ព្រះអង្គ នៅប្រទេសម៉ុងហ្គោលី ដែលជាប្រទេសមួយស្ថិតនៅចន្លោះ រវាងមហាអំណាចពីរ គឺរុស្ស៊ី និងចិន ខណៈដែលព្រះអង្គបានកំណត់គោលដៅ នៅក្នុងកិច្ចខិតខំប្រឹងប្រែងការទូតរបស់បុរីវ៉ាទីកង់ លើបញ្ហាអ៊ុយក្រែន។
នៅថ្ងៃធ្វើការដំបូងរបស់ព្រះអង្គ នៅម៉ុងហ្គោលីនេះ សម្ដេច ប៉ាប ហ្វ្រង់ស៊ីស បានថ្លែងសុន្ទរកថាទៅកាន់បណ្ដាមន្ត្រីរដ្ឋាភិបាល និងស្ថាប័នការទូត បន្ទាប់ពីបានគង់ប្រថាប់ជាមួយប្រធានាធិបតីម៉ុងហ្គោលី Ukhnaagiin Khurelsukh ( អ៊ុកខ្នាយីន ឃូរ៉ែលស៊ូក) សម្រាប់ការពិភាក្សាជាលក្ខណៈឯកជន ក្នុងតង់ស្បែករាងមូល ដែលជាផ្ទះតង់ចល័តរាងជារង្វង់តាមបែបប្រពៃណី នៅខាងក្នុងវិមានរដ្ឋ។
សម្ដេច ប៉ាប ហ្វ្រង់ស៊ីស ក៏បានមានព្រះបន្ទូលអំពីការគំរាមកំហែងដល់បរិស្ថាន ដោយធ្វើការកត់សម្គាល់ថា ទំនៀមទម្លាប់ពនេចររបស់ជនជាតិដើមម៉ុងហ្គោលី បានឲ្យតម្លៃដល់ស្ថិរភាពនៃភាពអន់ខ្សោយរបស់ធម្មជាតិ ប៉ុន្តែព្រះអង្គបន្ថែមថា សព្វថ្ងៃនេះ តម្រូវឲ្យមានការប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់ពីការបំផ្លិចបំផ្លាញរបស់មនុស្សលើបរិស្ថាន។
រដ្ឋធានី Ulaanbaatar (អ៊ូឡានបាទ័រ) របស់ម៉ុងហ្គោលី គឺជាទីក្រុងមួយ ស្ថិតក្នុងចំណោមទីក្រុង ដែលមានការបង្កកង្វក់ខ្លាំងបំផុត ក្នុងពិភពលោក ដែលភាគច្រើនបណ្ដាលមកពីការដុតធ្យូងថ្ម ក្នុងរដូវរងារ។ ជាមួយគ្នានេះ ម៉ុងហ្គោលី គឺជាប្រទេសមួយដែលរងផលប៉ះពាល់ខ្លាំងបំផុតពីការបម្រែបម្រួលអាកាសធាតុ ដោយសីតុណ្ហភាពជាមធ្យមឡើងខ្ពស់លើសពី ២អង្សាសេ គិតចាប់តាំងពីឆ្នាំ១៩៤០ មក៕