
ប្រធានាធិបតីចិនលោក ស៊ី ជីងពីង (Xi Jinping) បានលើកឡើង នៅថ្ងៃសៅរ៍ (ថ្ងៃទី២ ខែកញ្ញា) នេះ ថាប្រទេសចិននឹងពង្រីកទីផ្សារ ក្នុងឧស្សាហកម្មផ្នែកសេវាកម្ម និងលើកកម្ពស់ពាណិជ្ជកម្មសេវាកម្មឆ្លងព្រំដែន។
ដោយថ្លែងតាមរយៈវីដេអូ នៅឯពិព័រណ៍អន្តរជាតិចិនសម្រាប់ពាណិជ្ជកម្មសេវាកម្ម (CIFTIS) នៅទីក្រុងប៉េកាំង លោក ស៊ី បាននិយាយថា ប្រទេសចិននឹងផ្តោតលើការពង្រីកទីផ្សារ ក្នុងស្រុក បង្កើនការនាំចូលសេវាកម្ម ដែលមានគុណភាពខ្ពស់ និងកំណែទម្រង់ប្រព័ន្ធទិន្នន័យមូលដ្ឋានរបស់ប្រទេស។
លោក ស៊ី បានបញ្ជាក់បន្ថែមថា ប្រទេសចិននឹងជំរុញការអភិវឌ្ឍរួមបញ្ចូលគ្នានៃផលិតកម្មកម្រិតខ្ពស់ និងឧស្សាហកម្មសេវាកម្មទំនើប។
ការកត់សម្គាល់នេះ បានកើតឡើង នៅពេលដែលពាណិជ្ជកម្មរបស់ប្រទេសចិន បានធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារការមិនសូវមានតម្រូវការ បានគំរាមកំហែងដល់ការរំពឹងទុកពីការងើបឡើងវិញ នៅក្នុងប្រទេស ដែលសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកនេះ ដោយជំរុញឲ្យបណ្ដាមេដឹកនាំជាន់ខ្ពស់របស់ប្រទេសដាក់ចេញនូវគោលនយោបាយគាំទ្របន្ថែមទៀត៕
