
តាមរយៈសេចក្ដីរាយការណ៍ដោយសម្អាងដល់ការស្ទង់មតិ ដែលចេញផ្សាយកាលពីថ្ងៃសុក្រ (ទី១ ខែកញ្ញា) ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ប្រជាជនកូរ៉េខាងត្បូងជាង ៧០ភាគរយ មិនយល់ស្របឲ្យបញ្ចេញទឹកសំណល់ ដែលមានសារធាតុនុយក្លេអ៊ែររបស់ជប៉ុនចូលទៅក្នុងសមុទ្រនោះឡើយ។
យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុន Research View លើមនុស្សពេញវ័យ ១.០០០នាក់ សម្រាប់រយៈពេល ២ថ្ងៃ រហូតដល់ត្រឹមថ្ងៃទី៣០ ខែសីហា បានឲ្យដឹងថា ៧២,៤ភាគរយ បាននិយាយថា ពួកគេជំទាស់នឹងការបង្ហូរទឹកវិទ្យុសកម្ម នៅខេត្តហ្វូគូស៊ីម៉ារបស់ជប៉ុននេះ។
អ្នកឆ្លើយសំណួរដែលមានអាយុចន្លោះពី ៤០ ទៅ ៤៩ឆ្នាំ បង្ហាញឲ្យឃើញនូវចំនួនសមាមាត្រខ្ពស់បំផុតនៃការប្រឆាំងនឹងការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែររបស់ប្រទេសជប៉ុនទៅក្នុងមហាសមុទ្រ ដែលមានចំនួនជិត ៨១ភាគរយនៃការស្ទង់មតិ។ ក្នុងចំណោមនោះ ប្រជាជនមកពីខេត្ត Gangwon-do និងកោះ Jeju ជាអ្នកសម្ដែងការប្រឆាំងខ្លាំងក្លាច្រើនជាងគេ ដោយមានចំនួន ៨១,៨ភាគរយ។
លើសពីនេះទៀត អ្នកឆ្លើយសំណួរសរុបចំនួន ៧៨,៣ភាគរយ បាននិយាយថា កូរ៉េខាងត្បូងគួរតែហាមឃាត់ការនាំចូលផលិតផលជលផលជប៉ុនទាំងអស់។
សូមបញ្ជាក់ថា ប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកសំណល់ ដែលមានសារធាតុនុយក្លេអ៊ែរពីរោងចក្រថាមពលនុយក្លេអ៊ែរ ដែលរងការខូចខាតចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃទី២៤ ខែសីហា ដោយមិនចាប់អារម្មណ៍ ចំពោះការព្រួយបារម្ភ និងការប្រឆាំងពីអ្នកនេសាទ ក្នុងស្រុក ក៏ដូចជាប្រទេសជិតខាង និងកោះប៉ាស៊ីហ្វិកនោះឡើយ៕