កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈកម្មការធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាអនុប្រធានទី១ នៃក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបន្តអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណជូនដល់ក្រុមការងារ រចនាសម្ព័ន្ធគណៈកម្មាធិការគណបក្ស និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងឃុំជំពូព្រឹក្ស ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដើម្បីអបអរសាទរជ័យជម្នះជារួមរបស់គណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស និងដោយឡែកសម្រាប់ឃុំដែលទទួលបានជ័យជម្នះលេខ១ ក្នុងស្រុកសាមគ្គីមុនីជ័យ។
ក្រោមបរិយាកាសដ៏សប្បាយរីករាយនាឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកប្រសាសន៍ផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចប្រធានបក្ស សម្តេចអនុប្រធាន រួមទាំងប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ ថ្លែងអំណរគុណដល់គណៈកម្មការចុះជួយឃុំ ជំពូព្រឹក្ស ក្រុមការងារ រួមទាំងសមាជិក សមាជិកាបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្តបំពេញភារកិច្ច ផ្ដល់ជំនឿចិត្តជូនគណបក្សប្រជាជនកម្ពុជា ដែលបានចេញទៅបោះឆ្នោត ៩១.០៩% រហូតទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់នាពេលនេះ។
ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តបេសកកម្ម ក្រោមការដឹកនាំរបស់សម្តេចប្រធានបក្ស និងបន្តឆ្ពោះទៅមុខបន្ថែមទៀត។ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី គឺធានាថា អត្ថប្រយោជន៍របស់កម្មករ កម្មការិនី នឹងមានការកើនឡើងបន្ថែមទៀត។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលនឹងរក្សានូវគោលនយោបាយគាំពារសង្គម និងបន្តបេសកកម្មក្នុងការធានាឱ្យបាននូវសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍគ្រប់វិស័យជូនប្រជាពលរដ្ឋផងដែរ។
នាឱកាសនៃពិធីសំណេះសំណាលនេះ ប្រជាពលរដ្ឋឃុំជំពូព្រឹក្សសម្តែងនូវសេចក្តីសោមនស្សរីករាយ ក្រោយទទួលជ័យជម្នះលេខ១ ជាឃុំបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាច្រើនជាងគេ ក្នុងស្រុកសាមគ្គីមុនីជ័យ។ ក្រោមម្លប់នៃសុខសន្តិភាព និងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋមានការងារធ្វើ និងមានពេលវេលាចូលរួមអបអរសាទរ រាំលេងកំសាន្ត ក្រោមបរិយាកាសដ៏ស្និតស្នាលជាមួយថ្នាក់ដឹកនាំ ក្រុមការងារ សមាជិក សមាជិកាបក្សផងដែរ។
សូមជម្រាបជូនថា នារសៀលថ្ងៃនេះផងដែរ ឯកឧត្តម ហ៊ុន ម៉ានី នឹងបន្តអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណជូនដល់ក្រុមការងារ រចនាសម្ព័ន្ធគណៈកម្មាធិការគណបក្ស និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ៕អត្ថបទ រដ្ឋា








