មនុស្សជាង១០០នាក់ បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សានៅទីក្រុងតេលអាវីវ(Tel Aviv)កាលពីថ្ងៃសៅរ៍ ទី២ ខែកញ្ញា រវាងក្រុមអ្នកគាំទ្ររដ្ឋាភិបាលអេរីទ្រី ដែលកំពុងប្រារព្ធព្រឹត្តិការណ៍ ទិវាប្រទេសអេរីទ្រី (Eritrea Day) និងគូប្រជែងលោកប្រធានាធិបតី អ៊ីសៃយ៉ាស់ អាហ្វវ៉េគី (Isaias Afwerki) ។

ក្រុមអ្នកសារព័ត៌មានដែលនៅកន្លែងកើតហេតុបានប្រាប់សារព័ត៌មាន Reutersថា នគរបាលអ៊ីស្រាអែលបានបាញ់គ្រាប់បែកផ្សែងដើម្បីបំបែកការប៉ះទង្គិចគ្នា ខណៈក្រុមអ្នកតវ៉ាមួយចំនួន បានគប់ដុំថ្មទៅលើនគរបាល និងដុតធុងសំរាម។ វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីក្រុមអ្នកគាំទ្ររដ្ឋាភិបាលអេរីទ្រី វាយដំក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលដោយប្រើដំបង។ ក្រុមមន្ត្រីពេទ្យអ៊ីស្រាអែលបាននិយាយថា មនុស្សជាង ១១០ នាក់ត្រូវបានគេព្យាបាលរបួស ក្នុងនោះមាននគរបាលប្រហែល ៣០ នាក់។
អំពើហិង្សាបានផ្ទុះឡើងជុំវិញព្រឹត្តិការណ៍មួយដែលរៀបចំឡើងដោយស្ថានទូតអេរីទ្រី ដើម្បីប្រារព្ធទិវាបដិវត្តន៍នៅថ្ងៃទី ១ ខែកញ្ញា ដែលរំលឹកដល់ការចាប់ផ្តើមនៃសង្គ្រាមឯករាជ្យអេរីទ្រីប្រឆាំងនឹងប្រទេសអេត្យូពីក្នុងឆ្នាំ ១៩៦១ ។
លោកអ៊ីសៃយ៉ាស់ (Isaias) បានគ្រប់គ្រងចាប់តាំងពីប្រទេស អ៊ីរីទ្រី ទទួលបានឯករាជ្យនៅឆ្នាំ ១៩៩៣។ ក្រុមសិទ្ធិមនុស្សបានថ្កោលទោសរដ្ឋាភិបាលរបស់លោកថាមានការគាបសង្កត់យ៉ាងខ្លាំង ហើយប្រទេសនេះស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបចំពោះការរំលោភបំពាននានា។
យោងតាមអង្គការដែលផ្តល់ជំនួយដល់ជនភៀសខ្លួន Assaf ក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិអេរីទ្រី ប្រហែល ២៥.៥០០នាក់ បច្ចុប្បន្នរស់នៅក្នុងប្រទេសអ៊ីស្រាអែល ៕
