សៀមរាប ៖ ផ្សារសាមគ្គីហ៊ុយគាំង ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ត្រូវបានរដ្ឋបាលខេត្ដសៀមរាប សម្រេចបិទការចេញចូលជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២៦ ឧសភា ឆ្នាំ២០២១ បន្ទាប់ពីអាជ្ញាធរខេត្ដនេះ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ មកពីរាជធានីភ្នំពេញ នៅក្នុងផ្សារនោះ។
លោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប លោកមានប្រសាសន៍ថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣នាក់ និងបានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ។ ក្នុងចំណោមអ្នកទាំង៣នាក់ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ម្នាក់ ឈ្មោះ ស៊ុ សុធា ភេទស្រី អាយុ៥០ឆ្នាំ ដែលមានអាសយដ្ឋាននៅភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ជាអាជីវករលក់កាហ្វេ យីហោ ឧម៉ាលក់កាហ្វេ នៅប៉ែកខាងមុខឈាងខាងលិច នៃផ្សារសាមគ្គី។ ស្ត្រីរូបនេះ បានធ្វើដំណើរទៅចូលពិធីបុណ្យសពសាច់ញាតិនៅរាជធានីភ្នំពេញ នៅចន្លោះថ្ងៃទី៨-៩ ខែឧសភា ឆ្នាំ២០២១ និងបានធ្វើដំណើរត្រឡប់មកខេត្តសៀមរាបវិញតាមរថយន្តក្រុង នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។
លោក បន្ដថា នៅថ្ងៃទី២៣ ខែឧសភានេះ ស្ដ្រីរូបនោះ បានជិះផាស់អាប់ទៅមន្ទីរពេទ្យខ្លួនឯងទើបដឹងថា វិជ្ជមានកូវីដ-១៩ ។លោក បន្ដថា បច្ចុប្បន្នស្ត្រីលក់កាហ្វេរូបនោះ មានជំងឺធ្ងន់ធ្ងរហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប។
លោក នាក់ ណេរ៉ុន បានបន្ថែមថា ស្ដ្រីឆ្លងជំងឺកូវីដ១៩នេះ បានឆ្លងកាត់ទីតាំងជាច្រើនទៀត ព្រោះគាត់ជាអ្នកលក់កាហ្វេបោះដុំផង និងលក់រាយផងដែលអាជ្ញាធរកំពុងតាមដានទីតាំងដែលគាត់មានការជាប់ពាក់ព័ន្ធ។ជាមួយគ្នានេះ អាជ្ញាធរអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលពាក់ព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ឬធ្លាប់ចូលទិញកាហ្វេពីទីតាំងខាងលើ ឬ ធ្លាប់បានចេញ-ចូលផ្សារសាមគ្គី ចាប់ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នាំគ្នាធ្វើចត្តាឡីស័ក តាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
សូមបញ្ជាក់ថា មកទល់ពេលនេះ ព្រឹត្ដិការណ៍សហគមន៍ ២០កុម្ភៈ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៨នាក់ និងបានព្យាបាលជាសះ-ស្បើយចំនួន៥២នាក់ ស្លាប់២នាក់ និង៤៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕
អត្ថបទ ៖ សាវី
