ក្រុមអាជ្ញាធរក្នុងតំបន់ក្នុងទីក្រុង ចូហាណេស្បើក (Johannesburg) ប្រទេសអាហ្រ្វិកខាងត្បូងកំពុងស៊ើបអង្កេតមូលហេតុនៃការឆេះដ៏សន្ធោសន្ធៅដែលបានបំផ្លិចបំផ្លាញអគារកាន់កាប់ដោយខុសច្បាប់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ដោយបានឆក់យកជីវិតមនុស្សរាប់សិបនាក់។

ចំនួនអ្នកស្លាប់ក្នុងឧបទ្ទវហេតុនេះបានកើនឡើងដល់ ៧៦ នាក់នៅថ្ងៃចុងសប្ដាហ៍នេះ បន្ទាប់ពីមន្ទីរសុខាភិបាលបានបញ្ជាក់ថាជនរងគ្រោះដែលរងរបួសពីរនាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យ។ មុនពេលមានអគ្គិភ័យនេះ មនុស្សប្រមាណ ២០០នាក់កំពុងរស់នៅក្នុងអគារមួយនេះ។
អង្គភាពផ្ដល់សេវាសង្គ្រោះបន្ទាន់បានស្រាវជ្រាវយ៉ាងម៉ត់ចត់លើអគារនេះ ប៉ុន្តែ គេពុំបានរឃើញជនរងគ្រោះបន្ថែមទៀតនោះទេ។
ពួកគេបានបញ្ចប់ការងាររបស់ពួកគេកាលពីថ្ងៃសុក្រ ហើយបានប្រគល់ការស៊ើបអង្កេតទៅកងកម្លាំងនគរបាលជាតិរបស់ប្រទេសវិញ។
លោក រ៉ូប៊ើត ម៉ូឡោដហ្ស៊ី (Robert Mulaudzi) មកពីសេវាសង្គ្រោះបន្ទាន់នៃទីក្រុង ចូហេណេស្បើក (Johannesburg) បាននិយាយថា ក្រុមអ្នកពន្លត់អគ្គិភ័យបានចូលទៅក្នុងអគារនោះដើម្បីឲ្យប្រាកដថាជាន់ទាំងអស់គឺបានស្វែងរករួចរាល់អស់ហើយ។
បន្ទាប់មកពីទីនោះ យើងនឹងប្រគល់កន្លែងកើតហេតុទៅឲ្យសេវានគរបាលអាហ្វ្រិកខាងត្បូងសម្រាប់ការស៊ើបអង្កេតបន្ថែមទៀត។ អ្នកត្រូវតែយល់ថានេះជាកន្លែងកើតហេតុឧក្រិដ្ឋកម្មដូច្នេះ៕
