ប្រភពពីនគរបាល និងកងកម្លាំងសន្តិសុខបាននិយាយថា ក្រុមបាតុករ៣នាក់ត្រូវបានបាញ់សម្លាប់ និង១៤នាក់ រងរបួសកាលពីចុងសប្ដាហ៍នេះអំឡុងការប៉ះទង្គិចគ្នារវាងក្រុមជនជាតិភាគតិច នៅក្នុង ទីក្រុងសំបូរដោយធនធានប្រេង គើគុក(Kirkuk) ភាគខាងជើងប្រទេសអ៊ីរ៉ាក់ ដែលបានផ្ទុះឡើងបន្ទាប់ពីភាពតានតឹងរយៈពេល៤ថ្ងៃ មកនេះ។

យោងតាមក្រុមមន្ត្រីបាននិយាយថា បម្រាមគោចរត្រូវបានដាក់ក្នុងទីក្រុង គើគុក (Kirkuk) ភាគខាងជើងប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីបាតុកម្មជាគូប្រជែងដោយអ្នកស្រុកឃឺដ និងអារ៉ាប់ បានឈានដល់អំពើហិង្សាដ៏សាហាវ ។
យោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោកកាលពីថ្ងៃសៅរ៍ លោកនាយករដ្ឋមន្ត្រី មហាមឭេដ ស៊ីយ៉ា អាល់ ស៊ូដានី (Mohammed Shia al-Sudani) បានបញ្ជាឲ្យអនុវត្តន៍បម្រាមគោចរនៅក្នុងទីក្រុងនេះ ក៏ដូចជា ប្រតិបត្តិការសន្តិសុខយ៉ាងទូលំទូលាយនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយកុបកម្ម ។
លោកបានអំពាវនាវដល់ភាគីទាំងអស់ចូលរួមទប់ស្កាត់ការប៉ះទង្គិចគ្នា និងការពារសន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់ក្នុងអភិបាលកិច្ចខេត្ត គើគុក(Kirkuk) ។
ភាពតានតឹងបានកើតឡើងជិតមួយសប្តាហ៍នៅក្នុងទីក្រុង Kirkuk ដែលមានជម្លោះជាប្រវត្តិសាស្ត្ររវាងរដ្ឋាភិបាលសហព័ន្ធនៅក្នុងរដ្ឋធានី បាកដាដ (Baghdad) និងក្រុមអាជ្ញាធរនៅក្នុងតំបន់ពាក់កណ្តាលស្វយ័តឃឺដនៅភាគខាងជើង៕
