ប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់បានចេញតវ៉ាតាមដងផ្លូវនានាក្នុងទីក្រុង តេល អាវីវ ( Tel Aviv) កាលពីថ្ងៃសៅរ៍ ថ្ងៃទី ២ ខែកញ្ញា តវ៉ាប្រឆាំងនឹងផែនការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការរបស់នាយករដ្ឋមន្ត្រី លោក បេន ចាមីន នេតានយ៉ាហ៊ូ (Benjamin Netanyahu) សម្រាប់សប្តាហ៍ទី ៣៥ ជាប់ៗគ្នា។

រូបភាពពីយានដ្រូនរបស់សារព័ត៌មាន Reuters បានបង្ហាញពីសមុទ្រនៃទង់ជាតិអ៊ីស្រាអែលជុំវិញមនុស្សដែលកាន់បដាធំៗ។
កាលពីខែសីហា តុលាការកំពូលរបស់អ៊ីស្រាអែល បានចាប់ផ្តើមបើកសវនាការលើកដំបូងនៅក្នុងបណ្តឹងឧទ្ធរណ៍ជាបន្តបន្ទាប់ ដែលពាក់ព័ន្ធនឹងកំណែទម្រង់ប្រព័ន្ធតុលាការបង្កើតឡើងដោយលោក Netanyahu និងក្រុមចម្រុះស្តាំនិយមរបស់លោក ដែលបានបង្កើតវិបត្តិក្នុងស្រុកដែលមិនធ្លាប់មានពីមុនមក។
ផែនការរបស់រដ្ឋាភិបាលបានធ្វើឲ្យមានការបែកបាក់គ្នាក្នុងចំណោមសាធារណៈជនអ៊ីស្រាអែល និងសូម្បីតែនៅក្នុងជួរយោធា ដែលត្រូវបានចាត់ទុកថាជាសក្តានុពលនៃការរលាយនយោបាយសម្រាប់សង្គមដ៏ប្រេះស្រាំមួយ ដោយការព្រួយបារម្ភអំពីការត្រៀមខ្លួនជាស្រេចចំពោះសង្គ្រាមត្រូវបានបញ្ចេញនៅលើភាគីទាំងពីរនៃការជជែកដេញដោលនេះ។
ក្រុមអ្នកគាំទ្រច្បាប់អះអាងថាការធ្វើកំណែទម្រង់នេះ ផ្តល់តុល្យភាពឡើងវិញដល់សាខារដ្ឋាភិបាល ខណៈក្រុមអ្នករិះគន់និយាយថា ជាការដកតុល្យភាពអំណាចលើរដ្ឋាភិបាល៕
