ភ្នំពេញ៖ កូវីដ-១៩ ពុំមែនជាឧបសគ្គ ដល់ដំណើរការបើកសាលា នៅកម្ពុជាទេ ព្រោះមានសាលារដ្ឋ និងឯកជន ជាច្រើននៅកម្ពុជា នៅតែអាចដំណើរការសាលារបស់ខ្លួនជាបន្តបន្ទាប់ ហើយក្នុងនោះក៏មានសាលាឯកជនមួយ ចំនួនបានបើកសម្ពោធសាលារៀនរបស់ខ្លួនក្នុងស្ថានភាពនេះដែរ។
ប្រាប់ទូរទស្សន៍ BTV ក្នុងពិធីបើកដំណើរការសាលាអន្តរជាតិមែនន័រ លោក រឿន ចន្ថា ប្រធានក្រុម ប្រឹក្សាភិបាល នៃសាលាអន្តរជាតិមែនន័រ បានបញ្ជាក់ថា បញ្ហាជំងឺកូវីដ-១៩ ពុំមែនជាឧបសគ្គដល់ដំណើរ ការនៃការបើកសាលានៅកម្ពុជាទេ។
លោកបន្តថា ជាក់ស្តែង ក្នុងអំឡុងខែវិច្ឆិកាខាងមុខនេះ គឺក្រសួងអប់រំយុវជន និងកីឡា បានប្រកាសហើយថា នឹងបើកដំណើរការសាលារៀនឡើងវិញ ក្នុងដំណាក់កាលទី៣ ដូចនេះសាលា រៀនរបស់លោកក៏អាចដំណើរការបានដោយរលូនក្នុងស្ថានភាពបែបនេះដែរ។ ជាមួយគ្នានេះលោក បានអំពាវនាវដល់អណាព្យាបាល និងសិស្សានុសិស្ស ត្រូវចេះថែរក្សាសុខភាព និងចេះអនាម័យ ចេះរស់នៅស្អាត ដើម្បីជៀសឆ្ងាយពីជំងឺកូវីដ-១៩ ។
ចំណែក លោក ថេង ម៉េង នាយកសាលាអន្តជាតិមែនន័រ បានបញ្ជាក់ថា ជំងឺកូវីដ-១៩ បានធូរស្រាលបន្តិចហើយ ដោយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលបានណែនាំ និងដាក់វិធានការឱ្យពលរដ្ឋអនុវត្តជាប្រចាំ ហើយក្រសួងអប់រំ ក៏បានណែនាំដល់សាលាទំាងអស់ឱ្យអនុវត្តរហូតបានបើកសាលារៀនឡើងវិញដែរ ដូចនេះហើយទើបសាលារៀនរបស់លោកបានបើកនិងបានសហការណ៍ជាមួយក្រសួងអប់រំ ដើម្បីផ្តល់ការអប់រំ ប្រកបដោយគុណភាព សុវត្ថិភាព និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការអប់រំ ដើម្បីអភិវឌ្ឍកុមារ និងសុខុមាលភាពកុមារ ក្នុងការលើកកម្ពស់ សមត្ថភាព និងពេទកោសល្យរបស់កុមារ ។
គួរបញ្ជាក់ថាយោងតាមការណ៍ណែនាំរបស់ក្រសួងអប់រំ នៅខែវិច្ឆិកាខែក្រោយ គឺសាលាទំាងអស់ នឹងចាប់ផ្តើមបើកដំណើរការឡើងវិញ ក្នុងដំណាក់កាលទី៣ សម្រាប់សាលាទាំងអស់ ក្រោយពីសាលាភាគច្រើនបានបើកដំណើរការដំណាក់កាលទី១ និងទី២បានប្រព្រឹទ្ធទៅដោយជោគជ័យ៕
(អត្ថបទ, រូបភាព៖ គង់ រ៉េន




