ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានស្នើឲ្យប្រជាពលរដ្ឋចេះដាំដើមឈើ ដាំស្តាព្រៃ និងចូលរួមការពារអភិរក្សព្រៃឈើ ដើម្បីបង្កើនគម្របព្រៃ និងអាចលក់កាបូនបង្កើនប្រាក់ចំណូលនៅក្នុងសហគមន៍។
ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងយ៉ាងដូច្នេះ ក្នុងដំណើរទស្សនកិច្ច ចុះសួរសុខទុក្ខប្រជាសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម នៅព្រឹកថ្ងៃ០៣ខែកញ្ញាឆ្នាំ២០២៣។
ប្រធានសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម លោក ទេព ម៉ាឡា បានអះអាងថា សហគមន៍បានចូលរួមការពារនិអភិរក្សធនធានធម្មជាតិ ដោយមិនមានទៀតទេ ការកាប់រានព្រៃ ឬការដកហូតអនុផលេព្រៃឈើលើសលប់ក៏មិនមានដែរ។ តំបន់នេះ កំពុងមានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក្នុងការមកទស្សនាធនធានធម្មជាតិដែលមានរួមមាន ទឹកជ្រោះ ទេសភាពដងព្រែក ភូមិបូរាណ និងការជិះទូកលេងកំសាន្ត ហើយប្រជាសហគមន៍កំពុងទទួលបានចំណូលតាមរយៈវិស័យទេសចរណ៍ធម្មជាតិនេះ។ទន្ទឹមនឹងមានការគាំទ្រពីភ្ញៀវទេសចរណ៍លើធនធានធម្មជាតិ កត្តាផ្លូវ ចំណតឡាន ទឹកស្អាត និងមជ្ឈមណ្ឌលព័ត៌មាន សម្រាប់ភ្ញៀវទេសចរណ៍ក៏ជាតម្រូវការអភិវឌ្ឍបន្ថែមទៀត របស់សហគមន៍។
ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងថា ដើម្បីធានានិរន្តភាពបរិស្ថាន និងជីវភាពសហគមន៍ ប្រជាសហគមន៍ ត្រូវនាំគ្នាដាំដើមឈើឱ្យបានច្រើន ពីព្រោះដើមឈើគឺជាប្រភពប្រាក់ចំណូល តាមរយៈការទាញចំណូលពីការលក់កាបូន ហើយចំណូលពីការលក់បូន នឹងជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឲ្យប្រជាពលរដ្ឋមានចំណូលបន្ថែម លើសពីចំណូលតាមរយៈភ្ញៀវទេសចរណ៍នាពេលបច្ចុប្បន្ននេះ។
គួររម្លឹកដែលថា ការជំរុញឱ្យមានការដាំដើមឈើ ដើម្បីឱ្យប្រជាសហគមន៍ទទួលបានប្រាក់ចំណូល ពីការលក់កាបូននេះ គឺជាយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន ដែលអនុវត្តស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងគោលដៅយុទ្ធសាស្រ្តទាំងប្រាំ ត្រង់ចំណុចទី១ ដែលធានាឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧% ប្រកបដោយ ភាពធន់ និងវិបត្តិនានា៕






