ថៃ៖ ក្រសួងការបរទេសថៃបាននិយាយកាលពីថ្ងៃអាទិត្យ (៣កញ្ញា) ថា នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃលោកសេដ្ឋា ថាវីស៊ីន (Srettha Thavisin) នឹងខកខានកិច្ចប្រជុំថ្នាក់តំបន់នៃមេដឹកនាំអាស៊ីអាគ្នេយ៍នៅទីក្រុងហ្សាកាតា នៅសប្តាហ៍ក្រោយនេះ។ លោក សេដ្ឋា បានឈ្នះការបោះឆ្នោតសភាក្លាយជានាយករដ្ឋមន្ត្រីកាលពីខែមុន ហើយគណៈរដ្ឋមន្ត្រីរបស់លោកត្រូវបានរាជានុម័តដោយព្រះមហាក្សត្រកាលពីថ្ងៃសៅរ៍។
នាយករដ្ឋមន្ត្រីរូបនេះ និងគណៈរដ្ឋមន្ត្រីរបស់លោក នឹងធ្វើសច្ចាប្រណិធាននៅចំពោះព្រះភក្ត្រព្រះមហាក្សត្រ មហា វិច្ចរ៉ាឡុងកន (Maha Vajiralongkorn) នៅថ្ងៃអង្គារ (៥កញ្ញា) ខាងមុខនេះ ហើយនឹងថ្លែងសុន្ទរកថាគោលនយោបាយនៅក្នុងសភា បន្ទាប់មកពួកគេអាចអនុវត្តភារកិច្ចរបស់ខ្លួនជាផ្លូវការបាន។
ក្រសួងការបរទេសថៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លេខាធិការអចិន្ត្រៃយ៍លោក Sarun Charoensuwan នឹងតំណាងប្រទេសថៃនៅក្នុងកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប៉ុន្តែគេមិនបានបញ្ជាក់ច្បាស់ថា ហេតុអ្វីបានជាលោកនាយករដ្ឋមន្ត្រីមិនចូលរួមក្នុងកិច្ចប្រជុំនោះទេ៕

