អាហ្វ្រិកខាងត្បូង៖ ប្រធានាធិបតីប្រទេសអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បាននិយាយកាលពីថ្ងអាទិត្យថា ការស៊ើបអង្កេតលើកាករចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលថា នាវារុស្ស៊ីមួយគ្រឿង បានដឹកជញ្ជូនអាវុធនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង កាលពីចុងឆ្នាំមុន ពុំបានរកឃើញភស្តុតាងថានាវានោះបានដឹកជញ្ចូនអាវុធទៅកាន់ប្រទេសរុស្ស៊ីនោះទេ។
លោក Ramaphosa បាននិយាយនៅក្នុងសុន្ទរកាថាមួយទៅកាន់ប្រជាជាតិថា គ្មានការចោទប្រកាន់ណាមួយត្រូវបានធ្វើឡើងអំពីការផ្គត់ផ្កង់អាវុធទៅកាន់ប្រទេសរុស្ស៊ីដែលត្រូវបានបង្ហាញថាជាការពិតនោះទេ។
នៅក្នុងការអះអាងនោះ បានបង្កឲ្យមានជម្លោះការទូតដែលឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអាហ្វ្រិកខាងត្បូងលោក Reuben Brigety បានប្រាប់អ្នកសារព័ត៌មានក្នុងតំបន់ក្នុងសន្និសិទសារព័ត៌មានកាលពីខែឧសភាថា នាវាដឹកទំនិញរុស្ស៊ី Lady R បានផ្ទុកអាវុធនៅមូលដ្ឋានកងទ័ពជើងទឹកជិតទីក្រុង Cape Town កាលពីខែធ្នូកន្លងទៅ។
ការចោទប្រកាន់របស់សហរដ្ឋអាមេរិក បានបង្កើតសំនួរជាច្រើនជុំវិញជំហរទទួលស្គាល់របស់ប្រទេសអាហ្វ្រិកខាងត្បូងលើការគ្មានជាប់ពាក់ព័ន្ធ និងអព្យាក្រិតភាពជុំវិញសង្គ្រាមនៅអ៊ុយក្រែន និងក្តីបារម្ភពីទណ្ឌកម្មរបស់លោកខាងលិចដែលអាចកើតមាន។
មន្ត្រីប្រទេសអាហ្វ្រិកខាងត្បូង បានច្រានចោលភ្លាមៗចំពោះការអះអាងនេះ ដោយរដ្ឋាភិបាលរបស់លោក Ramaphosa បានបើកការស៊ើបអង្កេតឯករាជ្យមួយដឹកនាំដោយចៅក្រមចូលនិវត្តន៍ម្នាក់៕

