ភ្នំពេញ៖ ផ្សារក្រមួន ផ្សារមិនរៀបរយ តាមរោងចក្រ តាមចិញ្ចើមផ្លូវ ឬតាមដីឡូត៍ឯកជនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅតែបន្តសម្រេចផ្អាកដំណើរការដដែល សម្រាប់ផ្សាររដ្ឋដែលកំពុងបើកដំណើរវិញក៏អនុញ្ញាតតែការលក់ដូរម្ហូបអាហារតែប៉ុណ្ណោះ។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈការបញ្ជូនរូបភាព និងសំឡេងផ្ទាល់ ស្ដីពីការត្រួតពិនិត្យការងារក្នុងមូលដ្ឋានខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ លើកិច្ចការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ការត្រួតពិនិត្យលើការបើកឱ្យដំណើរការផ្សាររដ្ឋឡើងវិញ និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមផ្សារទាំងអស់ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចំពោះផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូត៍ឯកជន ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចិញ្ចើមផ្លូវជាដើម គឺមិនត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើយ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ។
នេះគឺលទ្ធផលនៃកិច្ចប្រជុំនាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ដែលដឹកនាំដោយ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ជាមួយមន្ដ្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរទាំង១៤ខណ្ឌ។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំងអស់ត្រូវចុះពិនិត្យស្ថានភាពនៅតាមផ្សារនានា នៅក្នុងមូលដ្ឋានរបស់ខ្លួនជាប់ជាប្រចាំ និងធ្វើរបាយការណ៍ពីវឌ្ឍនភាពផ្សារនីមួយៗជាប្រចាំផងដែរ។
ឯកឧត្ដម ឃួង ស្រេង បន្ថែមថា ការបើកផ្សារឡើងវិញនេះ គឺពិតជាមានហានិភ័យខ្ពស់ ចំពោះការឆ្លងរីករាលដាលជំងឺកូវី-១៩ ដូច្នេះទាំងអាជ្ញាធរខណ្ឌ ទាំងគណៈកម្មការផ្សារ គឺត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ជុំវិញវិធានការការពារ ដោយត្រូវផ្សព្វផ្សាយ និងជំរុញប្រជាពលរដ្ឋ អាជីវករ ឱ្យអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលជាប់ជានិច្ច។
បន្ថែមពីនេះ ឯកឧត្ដម ឃួង ស្រេង ក៏បានជំរុញឱ្យពង្រឹងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយនៅតាមទីផ្សារនេះឱ្យបានល្អប្រសើរផងដែរ ព្រោះបច្ចុប្បន្ននេះ កូវីដ-១៩ហាក់ផ្ទុះឡើងវិញ នៅតំបន់មិនរៀបរយនោះ។
ចំពោះតំបន់ដែលផ្ទុះឡើងវិញនូវជំងឺកូវីដ-១៩ជាថ្មីនេះ មានមួយផ្នែកខ្លះ នៃខណ្ឌសែនសុខ នៅសហគមន៍AB ភូមិផ្សារតូច ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងនៅភូមិឫស្សី ភូមិឫស្សីទី២ ភូមិឫស្សីទី៣ សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យជាដើម។ ហើយទាក់ទិនជាមួយតំបន់លឿងទុំ ឯកឧត្ដម ឃួង ស្រេង បានណែនាំអាជ្ញាធរខណ្ឌដែលពាក់ព័ន្ធត្រូវតែគ្រប់គ្រងឱ្យបានហ្មត់ចត់បំផុត មិនឱ្យមានការចេញ ចូលដាច់ខាត ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលពីតំបន់មួយទៅតំបន់មួយទៀត៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា





