អេស្ប៉ាញ៖ នេះគឺជាទីតាំងកើតហេតុនៅទូទាំងតំបន់ជាច្រើនរបស់ប្រទេសអាស្ប៉ាញកាលពីថ្ងៃអាទិត្យ ខណៈភ្លៀងធ្លាក់ខ្លាំង និងព្យុះបានវាយបោកបក់នៅទូទាំងប្រទេសនេះ។
នៅក្នុងរដ្ឋធានី អភិបាលក្រុង Madrid បានព្រមានដល់ពលរដ្ឋឲ្យស្នាក់នៅផ្ទះ។ ការព្រមានពណ៌ក្រមពីទីក្រុង Madrid ដល់ទីក្រុង Cadiz នៅភាគខាងត្បូង ត្រូវបានចេញដោយទីភ្នាក់ងារអាកាសធាតុជាតិ ដែលមានន័យថា គ្រោះថ្នាក់ខ្លាំងអាចកើតមានឡើង។
អង្គភាពសេវាសង្គ្រោះបន្ទាន់ទីក្រុងMadrid បានបញ្ជូនសារទៅកាន់ពលរដ្ឋ ដោយព្រមានពួកគេពីហានីភ័យទឹកជំនន់ និងបានណែនាំពួកគេមិនឲ្យប្រើប្រាស់រថយន្ត។
នៅឆ្នេរភាគខាងកើត ពលរដ្ឋទីក្រុងAlcanar ត្រូវបានអង្គភាពសេវាសង្គ្រោះបន្ទាន់ប្រាប់ឲ្យស្នាក់នៅផ្ទះ។ វីដេអូ ដែលបានចែករំលែកនៅលើបណ្តាញផ្សព្វផ្សាយសង្គម បានបង្ហាញទឹកជំនន់ខ្លាំងហូរកាត់ផ្ទះជាច្រើនខ្នង។
បុរសម្នាក់និយាយថាគាត់បានភ្ញាក់ឡើងឃើញទឹកហូរកាត់ជាន់ទី២នៃអគារលំនៅឋានរបស់គាត់។ គាត់និយាយថាសហគមន៍បានទាញបុរសវ័យក្មេង២នាក់ចេញពីទឹកដោយប្រើខ្សែពួធ្វើឡើងពីកន្សែងនិងកម្រាលគ្រែ។ គាត់បានចាត់ទុកបទពិសោធន៏នេះថាគួឲ្យភ័យខ្លាច។
ក្រុមអ្នកពន្លត់អគ្គិភ័យបានបញ្ចេញវីដេអូអំពីពលរដ្ឋដែលត្រូវបានជួយសង្គ្រោះ បន្ទាប់ពីយានយន្តរបស់ពួកគេបានជាប់នៅក្នុងទឹកជំនន់៕

