ហ្គាបុង៖ ពលរដ្ឋនៅរដ្ឋធានី Libreville ប្រទេសហ្គាបុង បាននិយាយថាពួកគេមានអារម្មណ៍ថាស្ងប់ស្ងាត់ និងមានសុវត្ថិភាពកាលពីថ្ងៃអាទិត្យ មួយថ្ងៃមុនការឡើងកាន់អំណាចតាមផែនការរបស់មេដឹកនាំយោធា លោក Brice Oligui Nguema( ប៊្រីស អូលីហ្គី ង្វែម៉ា) ជាប្រធានាធិបតីអន្តរកាលរបស់ប្រទេស។
លោក Nguema និងសមាជិកផ្សេងទៀត នៃកងអង្គរក្សប្រធានាធិបតីរបស់ប្រទេសហ្គាបុង បានដណ្តើមអំណាចក្នុងការធ្វើរដ្ឋប្រហារកាលពីថ្ងៃពុធ ទី៣០ ខែសីហា ដោយបានបណ្តេញចេញប្រធានាធិបតីកាន់តំណែងរយៈពេលយូរ លោក Ali Bongo ជាការដណ្តើមអំណាចយោធាលើកទី៨ នៅក្នុងប្រទេសអាហ្វ្រិកកណ្តាល និងខាងលិច ក្នុងរយៈពេល៣ឆ្នាំមកនេះ។។
រដ្ឋប្រហារនេះ បានបង្កើនក្តីបារម្ភអំពីការរាលដាលការដណ្តើមអំណាចរបស់យោធនៅពាសពេញតំបន់ ដែលបានលុបចោលភាពរីកចម្រើនលទ្ធិប្រជាធិបតេយ្យបង្កើតឡើងក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ។
មេដឹកនាំរដ្ឋប្រហារកំពុងស្ថិតក្រោមសម្ពាធអន្តរជាតិដើម្បីឲ្យស្តារឡើងវិញរដ្ឋាភិបាលស៊ីវិល ប៉ុន្តែបាននិយាយកាលពីថ្ងៃសុក្រថា ពួកគេមិនប្រញាប់ប្រញាល់រៀបចំការបោះឆ្នោតនោះទេ៕

