អ៊ីរ៉ាក់៖ ប្រភពពីនគរបាល និងសន្តិសុខបាននិយាយថា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ ត្រូវបានដាក់ពង្រាយនៅទីក្រុងប្រេងភាគខាងជើងប្រទេសអ៊ីរ៉ាក់ គឺទីក្រុងឃើឃុក (Kirkuk) កាលពីថ្ងៃអាទិត្យ (៣កញ្ញា) ដើម្បីការពារអំពើហិង្សាបន្ថែមទៀត ខណៈដែលចំនួនអ្នកស្លាប់ក្នុងការប៉ះទង្គិចគ្នារវាងក្រុមជនជាតិភាគតិចកាលពីថ្ងៃមុននោះ បានកើនឡើងដល់៤នាក់។
អ្នកតវ៉ាចំនួន៤នាក់ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃសៅរ៍ (២កញ្ញា) នៅក្នុងការប៉ះទង្គិចគ្នារវាងក្រុមជនជាតិភាគតិចនៅទីក្រុងឃើឃុក ដែលបានផ្ទុះឡើងបន្ទាប់ពីភាពតានតឹងជាច្រើនថ្ងៃ។ ប្រភពពីនគរបាល និងក្រុមវេជ្ជសាស្ត្របាននិយាយថា អ្នកស្លាប់ទាំងបួននាក់នោះជាជនជាតិឃឺដ។ លោក Amir Shwani អ្នកនាំពាក្យរបស់នគរបាលទីក្រុងគើគុក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់អ្នកសារព័ត៌មានថា បម្រាមគោចរត្រូវបានដកចេញ ហើយយានយន្តនានាអាចធ្វើដំណើរបានធម្មតានៅក្នុងទីក្រុងកាលពីថ្ងៃអាទិត្យ។
ប៉ុន្តែកងកម្លាំងសន្តិសុខបានដាក់ពង្រាយទាហានបន្ថែមទៀតនៅតាមដងផ្លូវដើម្បី «ទប់ស្កាត់អំពើហិង្សា និងការពារជនស៊ីវិល»។ ជម្លោះនេះស្ថិតនៅលើអគារមួយក្នុងទីក្រុងគើគុក ដែលធ្លាប់ជាទីស្នាក់ការសម្រាប់គណបក្សប្រជាធិបតេយ្យ ឃើឌីស្ថាន (KDP) ប៉ុន្តែដែលកងទ័ពអ៊ីរ៉ាក់បានប្រើប្រាស់មូលដ្ឋានចាប់តាំងពីឆ្នាំ២០១៧មក។
ភាពតានតឹងបានកើតឡើងជិតមួយសប្តាហ៍នៅក្នុងទីក្រុងឃើឃុក ដែលមានជម្លោះជាប្រវត្តិសាស្ត្ររវាងរដ្ឋាភិបាលសហព័ន្ធនៅក្នុងរដ្ឋធានី បាកដាដ (Baghdad) និងក្រុមអាជ្ញាធរនៅក្នុងតំបន់ពាក់កណ្តាលស្វយ័តឃឺដនៅភាគខាងជើង៕

