
តាកែវ៖ រដ្ឋបាលខេត្តតាកែវ បានប្រកាសពីការរកឃើញពលរដ្ឋ ៣៧នាក់ទៀត បានឆ្លងមេរោគកូវីដ-១៩ ភាគច្រើនជាកម្មករកម្មការិនីរោងចក្រ និងអាជីវករនៅផ្សារសំរោងយ៉ោង។
ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃនេះ រដ្ឋបាលខេត្តតាកែវបញ្ជាក់ថា ប្រជាពលរដ្ឋ ៣៧នាក់ ក្នុងនោះ មានស្ត្រី ២០នាក់ ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ក្រោយពីឆ្លងកាត់ការវិភាគវត្ថុសំណាកកាលពីថ្ងៃម្សិលមិញនេះ។
បើតាមរដ្ឋបាលខេត្តតាកែវ ករណីឆ្លងថ្មីទាំងនេះ ត្រូវបានរកឃើញលើកម្មករកម្មការិនីរោងចក្រចំនួន ១៥នាក់ ហើយក៏បានរកឃើញលើអាជីវករ ៦នាក់នៅផ្សារសំរោងយ៉ោង ស្ថិតក្នុងស្រុកបាទីផងដែរ។
ជាងនេះទៀត រដ្ឋបាលខេត្តនេះបញ្ជាក់ថា បានរកឃើញពលករខ្មែរចំនួន ៧នាក់ បានឆ្លងមេរោគកូវីដ-១៩ បន្ទាប់ពីពួកគេវិលត្រឡប់ពីប្រទេសថៃ។
ចំណែកឯពលរដ្ឋ ០៣នាក់ទៀត នៅក្នុងស្រុកបាទី អ្នកភូមិ ០៣នាក់ទៀត ស្រុកសំរោង និងអ្នកភូមិ ១នាក់ទៀតស្រុកទ្រាំង ក៏ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ផងដែរ បន្ទាប់ពីពួកគេបានប៉ះពាល់នឹងពលរដ្ឋធ្វើដំណើរទៅភ្នំពេញ៕