កីឡាករប្រណាំងកង់អាល្លឺម៉ង់ Lennard Kemna បានប្រជែងឈ្នះដំណាក់កាលទី ៩ នៃព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Vuelta a Espana តែអ្នកនាំមុខរួមនៅតែជាកីឡាករអាមេរិក Sepp Kuss ពីរដំណាក់កាលជាប់គ្នា។
ដំណាក់កាលទី ៩ ដែលមានចំងាយផ្លូវ ១៨៤.៥ គីឡូម៉ែត្រ កីឡាកររបស់ក្រុមប្រណាំង Bora-Hansgrohe, Lennard Kemna បានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ ម៉ោង ២៨ នាទី ៥៩ វិនាទី តាមពីក្រោយ ១៣ វិនាទីដោយកីឡាករអ៊ីតាលី Matteo Sobrero និងលេខ ៣ កីឡាករអូស្រ្តាលី Chris Hamilton យឺតជាង ១ នាទី ១២ វិនាទី។

យ៉ាងណាក្តី កីឡាករអាមេរិក Sepp Kuss របស់ក្រុម Jumbo-Visma ដែលបានឡើងមកនាំមុខគេក្នុងតារាងរួមនៅដំណាក់កាលទី ៨ នោះ នៅតែបន្តនាំមុខដដែលក្រោយដំណាក់កាលទី ៩ នេះដោយវេលាចំណេញពីអ្នកលេខ ២ កីឡាករអេស្ប៉ាញ Marc Soler ៤៣ វិនាទី និងលេខ ៣ កីឡាករបារាំង Lenny Martinez យឺតជាង ១ នាទី ២ វិនាទី។
មិនមានការប្រកួតឡើយនៅថ្ងៃចន្ទនេះ ជាថ្ងៃសម្រាប់ ខណៈដំណាក់កាលទី ១០ នឹងបន្តនៅថ្ងៃអង្គារលើចំងាយផ្លូវ ២៥.៨ គីឡូម៉ែត្រ ដែលជាដំណាក់កាលប្រណាំងយកថេរវេលាផ្ទាល់ខ្លួននៅទីក្រុង Valladolid៕ អត្ថបទ៖នាង សុភាវុធ
