អាមេរិក៖ មនុស្សរាប់ម៉ឺននាក់ដែលចូលរួមពិធីបុណ្យ Burning Man ប្រចាំឆ្នាំ ត្រូវបានរងផលប៉ះពាល់ បន្ទាប់ពីមានព្យុះភ្លៀងយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក។ ជាមួយនឹងទីតាំងនៃពិធីបុណ្យត្រូវបានបិទ អ្នកចូលរួមជាច្រើនត្រូវបានស្នើសុំឱ្យជ្រកកោននៅនឹងកន្លែង ព្រមទាំងផ្ដល់ជូនអាហារ និងទឹកផងដែរ។
កាលពីថ្ងៃអាទិត្យ (៣ កញ្ញា) ក្រុមអាជ្ញាធររដ្ឋ Nevada បាននិយាយថាពួកគេកំពុងស៊ើបអង្កេតការស្លាប់មួយករណី។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យតម្រួតក្នុងតំបន់បាននិយាយថា ការស្លាប់នោះបានកើតឡើងក្នុងអំឡុងពេលព្យុះភ្លៀងកាលពីថ្ងៃសៅរ៍ ហើយពួកគេមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការស្លាប់ ឬបញ្ចេញអត្តសញ្ញាណរបស់អ្នកស្លាប់នោះទេ។
យោងតាមការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមបានឲ្យដឹងថា ការចូលទៅកាន់ និងចាកចេញពីទីក្រុង Black Rock ដែលជាទីតាំងព្រឹត្តិការណ៍នៃពិធីបុណ្យ Burning Man នោះត្រូវបានបិទ។
យោងតាមគេហទំព័ររបស់ព្រឹត្តិការណ៍នេះបានឲ្យដឹងថា ជារៀងរាល់ឆ្នាំ អ្នកចូលរួមជាង៦០.០០០នាក់ធ្វើដំណើរទៅ និងមកពីតំបន់ដាច់ស្រយាលនៅភាគពាយព្យនៃរដ្ឋ Nevada មួយនេះ។ អ្នកចូលរួមប្រមូលផ្តុំនៅក្នុងទីក្រុងបណ្តោះអាសន្ននោះដើម្បីធ្វើសិល្បៈ រាំ និងរីករាយជាមួយសហគមន៍ ដោយចំណាយអស់៥៧៥ដុល្លារក្នុងមនុស្សម្នាក់ សម្រាប់តម្លៃសំបុត្រធម្មតា៕

