ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា ការប្រកួតកីឡាមធ្យមសិក្សា មិនមែនជាជាវេទិការ ឬសមរភូមិ សម្រាប់ប្រកួតស្លាប់-រស់ ឬដើម្បីតែឈ្នះ-ចាញ់នោះទេ តែជាកន្លែងប្រកួត ដើម្បីរឹងចំណងមិត្តភាព សាមគ្គីភាព និងបង្កើនបញ្ញាស្មារតី ក៏ដូចជាសុខភាព ទាំងផ្លូវការ និងផ្លូវចិត្ដ ។
ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបើកការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ កាលពីល្ងាចថ្ងៃទី០៣ ខែកញ្ញា នៅវិមានពហុកីឡដ្ឋានជាតិ គ្រាដែលព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ មានប្រតិភូ និងកីឡាករ-កីឡាការិនីចូលរួមប្រកួតសរុបចំនួន ៣,២៥៧នាក់ មកពី ២៥រាជធានី-ខេត្ត ។ ការប្រកួតនេះ គឺធ្វើឡើងពីថ្ងៃទី០២ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ នៅរាជធានីភ្នំពេញ ។
ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងអំណរគុណប្រតិភូ និងកីឡាករ-កីឡាការិនីទាំងអស់ ដែលបានចូលរួមការប្រកួតកីឡាមធ្យមសិក្សាឆ្នាំនេះ ដើម្បីបង្ហាញពីការគាំទ្រនូវកំណែទម្រង់ស៊ីជម្រៅនៃវិស័យអប់រំកាយ និងកីឡា ដើម្បីជំរុញវិស័យមួយនេះឲ្យកាន់តែរីកចម្រើន ស្របតាមយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ដ្រជាច្រើន ក្នុងនោះក៏មានការជំរុញការអភិវឌ្ឍន៍យុវជន និងកីឡា ឲ្យកាន់តែស៊ីជម្រៅផងដែរ ។
ឯកឧត្តមរដ្ឋលេខាធិការបន្ដថា ការប្រកួតនេះ គឺជាឱកាសបង្ហាញសមត្ថភាព និងជំនាញ តែក្រៅពីនេះ ការប្រកួតនេះ ក៏ផ្ដល់ឱកាសឲ្យសិស្សានុសិស្សទូទាំងប្រទេសបានជួបជុំគ្នា ដើម្បីកសាងមិត្តភាព សាមគ្គីភាព និងសុខដុមនីយកម្មក្នុងរង្វង់គ្រួសារកីឡាជាតិ នៃក្របខណ្ឌកីឡាមធ្យមសិក្សាទូទាំងប្រទេស ។ ដូច្នេះការប្រកួតមិនមែនផ្ដោយតែលើលទ្ធផលឈ្នះ-ចាញ់នោះទេ សំខាន់បំផុត ត្រូវគោរពវិន័យ និងរក្សាឲ្យបាននូវស្មារតីកីឡា ដើម្បីចំណងសាមគ្គីភាព និងមិត្តភាព បង្កើនបញ្ញាស្មារតី ស្របតាមពាក្យស្លោក នៃព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សាឆ្នាំនេះគឺ «កីឡាអភិវឌ្ឍន៍មនុស្ស មនុស្សអភិវឌ្ឍន៍សង្គម» ។
សូមបញ្ជាក់ថា កីឡាមធ្យមសិក្សាថ្នាក់ជាតិឆ្នាំនេះ មានកីឡា ១២ប្រភេទ ស្មើនឹង ១០៥វិញ្ញាសា ។ ចំពោះកីឡាទាំង ១២ប្រភេទ ដែលត្រូវបានក្រសួងអប់រំកំណត់ដាក់ក្នុងការប្រកួតឆ្នាំនេះ រួមមានកីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូ WT តេក្វាន់ ITF ប៉េតង់ ល្បុក្កតោ ហែលទឹក និងកីឡាការ៉ាតេ៕ អត្ថបទ៖ លី ឈុនឡា