អាមេនី៖នាយករដ្ឋមន្ត្រីអាមេនី បានថ្លែងថា គោលនយោបាយរបស់ប្រទេសខ្លួនដែលពឹងផ្អែកតែលើរុស្ស៊ី ដើម្បីធានាសន្តិសុខរបស់ខ្លួន គឺជាកំហុសយុទ្ធសាស្ត្រមួយ ដោយសារទីក្រុងមូស្គូ មិនអាចផ្តល់ឲ្យបាន ហើយកំពុងស្ថិតក្នុងដំណើរការកាត់បន្ថយតួនាទីរបស់ខ្លួន នៅក្នុងតំបន់ទូលំទូលាយនេះ។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអ៊ីតាលី La Repubblica ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក នីកូល ប៉ាស៊ីនយ៉ាន (Nikol Pashinyan) បានចោទរុស្ស៊ីថា បានខកខានក្នុងការធានាសន្តិសុខរបស់ប្រទេសអាមេនីចំពោះមុខអ្វីដែលលោកបាននិយាយថា ជាការឈ្លានពានពីប្រទេសជិតខាង អាស៊ែបៃហ្សង់ជុំវិញតំបន់បែងចែកគ្នាណាហ្គ័រណូ-ការ៉ាបាក់ ( Nagorno-Karabakh)។
លោកប៉ាស៊ីនយ៉ាន បានបញ្ជាក់ថា ទីក្រុងមូស្គូដែលមានកតិកាសញ្ញាការពារជាតិជាមួយអាមេនី និងមូលដ្ឋានទ័ពនៅទីនោះ មិនបានចាត់ទុកប្រទេសរបស់លោកថា ជាប្រទេសគាំទ្ររុស្ស៊ីគ្រប់គ្រាន់ទេ ហើយបាននិយាយថា លោកជឿថា រុស្ស៊ីកំពុងស្ថិតក្នុងដំណើរការចាកចេញពីតំបន់កូកាស (Caucasus) ខាងត្បូងដ៏ធំនោះ។
លោកបាននិយាយថា ដូច្នេះទីក្រុងយ៉េរ៉េវ៉ាន់ ( Yerevan) កំពុងព្យាយាមពង្រីករៀបចំសន្តិសុខរបស់ខ្លួន ដែលជាការយោងជាក់ស្តែងចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក និងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសដទៃទៀតនៅក្នុងតំបន់។

