ជើងឯក Formula One ពិភពលោក ២ សម័យ Max Verstappen បានសរសេរទំព័រថ្មីនៃប្រវត្តិសាស្រ្ត F1 ក្លាយជាកីឡាករទី ១ ឈ្នះការប្រកួត ១០ ទីលានជាប់គ្នា ក្រោយឈ្នះការប្រកួតនៅទីលាន Monza ប្រទេសអ៊ីតាលីកាលពីថ្ងៃអាទិត្យម្សិលមិញ។
កីឡាកររហូឡង់របស់ក្រុម Red Bull រូបនេះចេញដំណើរពីក្រោយ Carlos Sainz របស់ Ferrari ដែលជាអ្នកឈ្នះការប្រណាំងយកទីចេញដំណើរ Pole Position កាលពីថ្ងៃសៅរ៍ និងបានវ៉ាជែងផុតកីឡាករអេស្ប៉ាញរូបនេះនៅជុំទី ១៤ នៅពេលកំហុសរបស់ Sainz ដែលរងសំពាធពីការប្រដេញប្រកៀកប្រកិតដោយ Verstappen។
Carlos Sainz ក្រោយមកក៏បាត់បង់តំណែងលេខ ២ ទៀតដោយកីឡាកររបស់ Red Bull មួយរូបទៀត Sergio Perez ហើយក៏ត្រូវការពារតំណែងលេខ ៣ របស់ខ្លួនដ៏តានតឹងជាមួយមិត្តរួមក្រុម Ferrari, Charles Leclerc ផងដែរ។
ជ័យជំនះរបស់ Max Verstappen នៅពេលនេះគឺជាជ័យជំនះ ១០ ទីលានជាប់គ្នា បំបែកកំណត់ត្រារបស់កីឡាករអាល្លឺម៉ង់ជើងឯកពិភពលោក ៤ សម័យ Sebastian Vettel ដែលធ្លាប់ឈ្នះ ៩ ទីលានជាប់គ្នាអំឡុងពេលប្រកបអាជីពជាមួយ Red Bull ផងដែរកាលពីឆ្នាំ ២០១៣។
គិតមកដល់ពេលនេះ រដូវកាលនេះ Red Bull ឈ្នះការប្រកួតទាំង ១៤ ទីលាន ខណៈ Max Verstappen កាន់ ៣៦៤ ពិន្ទុ ដាច់ពីមិត្តរួមក្រុម Sergio Perez ដែលមាន ២១៩ ពិន្ទុ ខណៈ Fernando Alonso លេខ ៣ មាន ១៧០ ពិន្ទុ។
សម្រាប់ទីលានបន្ទាប់ Formula One ពិភពលោកនឹងធ្វើដំណើរមកកាន់តំបន់អាស៊ីអាគ្នេយ៍នៅលើទឹកដីសិង្ហបុរីនៅថ្ងៃអាទិត្យទី ១៧ ខែកញ្ញានេះ៕ អត្ថបទ៖នាង សុភាវុធ

