ឥណ្ឌា៖ មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលរដ្ឋរបស់ប្រទេសឥណ្ឌាម្នាក់ បាននិយាយកាលពីថ្ងៃអាទិត្យ(៣កញ្ញា) ថា មនុស្សយ៉ាងហោចណាស់១០នាក់ បានស្លាប់ និង៣នាក់ទៀត បានរងរបួសធ្ងន់នៅក្នុងរដ្ឋ Odisha ភាគខាងកើតនៃប្រទេសឥណ្ឌា ដោយសារតែការវាយប្រហារដោយរន្ទះ ពេលកំពុងមានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ។
យោងតាមមន្ត្រីជាន់ខ្ពស់រូបនោះបានឲ្យដឹងថា ការវាយប្រហារដោយរន្ទះបានសម្លាប់មនុស្ស៤នាក់នៅក្នុងស្រុក Khurda និងសម្លាប់មនុស្ស២នាក់នៅស្រុក Bolangir មនុស្ស៤នាក់ទៀតបានស្លាប់នៅក្នុងស្រុកផ្សេងៗទៀតរបស់រដ្ឋនេះ។
លោកបានបន្ថែមថា មនុស្សបីនាក់នៅទីក្រុង Khurda ក៏បានរងរបួសក្នុងការវាយប្រហារដោយរន្ទះផងដែរ។ តំបន់ឆ្នេរនៃរដ្ឋ Odisha រួមទាំងទីក្រុងភ្លោះ Bhubaneswar និងទីក្រុង Cuttack ក៏មានភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃសៅរ៍ផងដែរ។
នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានព្យាករណ៍ថា ស្ថានភាពស្រដៀងគ្នានឹងបន្តនៅក្នុងផ្នែកខ្លះនៃរដ្ឋក្នុងរយៈពេល៥ថ្ងៃខាងមុខទៀត។ ទីភ្នាក់ងារ IMD ក៏បានណែនាំប្រជាជនឱ្យជ្រកនៅកន្លែងមានសុវត្ថិភាពក្នុងពេលមានព្យុះផ្គររន្ទះផងដែរ៕

