អាហ្វ្រិកខាងត្បូង៖សភាអាហ្វ្រិកខាងត្បូងបាននិយាយថា ខ្លួននឹងបើកការស៊ើបអង្កេតលើអគ្គិភ័យដ៏មហន្តរាយនៅទីក្រុងចូហានណេសប៊ឺក (Johannesburg) ។
អគ្គិភ័យដែលបានលេបត្របាក់អគារកម្ពស់ប្រាំជាន់នៅទីក្រុងចូហានណេសប៊ឺក កាលពីព្រឹកថ្ងៃព្រហស្បតិ៍នោះ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៧៧នាក់ស្លាប់ និងមនុស្សរាប់សិបនាក់ទៀតរងរបួស។
សេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយដោយសភាអាហ្រ្វិកខាងត្បូងកាលពីថ្ងៃសៅរ៍ (២កញ្ញា) បាននិយាយថា គណៈកម្មាធិការត្រួតពិនិត្យពាក់ព័ន្ធនៃសភា នឹងត្រូវបានចាត់តាំងភ្លាមៗដើម្បី «ត្រួតពិនិត្យទាំងកិច្ចខិតខំប្រឹងប្រែងភ្លាមៗ និងរយៈពេលវែងក្នុងសាខាផ្សេងៗនៃរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនេះ»។
លើសពីនេះទៅទៀត សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា «គណៈកម្មាធិការដែលត្រូវបានចាត់តាំងក៏នឹងស៊ើបអង្កេតលក្ខខណ្ឌនៃអគារឯកជន និងរបស់រដ្ឋាភិបាលផងដែរ ដោយផ្តោតលើការអនុលោមតាមបទប្បញ្ញត្តិសុវត្ថិភាពរបស់ពួកគេ»។
ជាថ្មីម្តងទៀត សភាអាហ្រ្វិកខាងត្បូងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់ខ្លួនចំពោះគ្រួសារដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ពួកគេនៅក្នុងសោកនាដកម្មនោះផងដែរ៕

