អាមេរិកខាងត្បូង៖ នីវ៉ូទឹកនៅបឹង Titicaca ដែលជាបឹងដែលអាចវាស់វែងបានថាជ្រៅបំផុតក្នុងពិភពលោក និងធំជាងគេនៅអាមេរិកខាងត្បូង កំពុងធ្លាក់ចុះយ៉ាងគំហុក បន្ទាប់ពីរលកកម្ដៅរដូវរងាដែលមិនធ្លាប់មានពីមុនមក។
ការធ្លាក់ចុះនៃកម្រិតទឹកបឹងគួរឱ្យភ្ញាក់ផ្អើលនោះ កំពុងប៉ះពាល់ដល់វិស័យទេសចរណ៍ នេសាទ និងកសិកម្ម ដែលជាការពឹងពាក់អាស្រ័យអ្នកស្រុក ក្នុងការប្រកបរបរចិញ្ចឹមជីវិត។ អ្នកទេសចរណ៍ជាច្រើនត្រូវបានទាក់ទាញដោយសារទឹកពណ៌ខៀវ និងផ្ទៃមេឃដ៏ធំល្វឹងល្វើយនៃបឹងដ៏ធំបំផុតរបស់អាមេរិកខាងត្បូង ដែលលាតសន្ធឹងលើផ្ទៃដីជាង៨.២០០ម៉ែត្រក្រាឡា ឆ្លងកាត់ព្រំដែននៃប្រទេសប៉េរូ និងបូលីវីមួយនេះ។
ប្រជាជនជាងបីលាននាក់រស់នៅជុំវិញបឹងនេះ ដោយពឹងផ្អែកលើទឹករបស់វាដើម្បីនេសាទ ធ្វើស្រែចម្ការ និងទាក់ទាញភ្ញៀវទេសចរ ដែលជំរុញដល់សេដ្ឋកិច្ចនៃតំបន់ដែលនៅមានការខ្វះខាតនេះ។ ឥឡូវនេះ បឹងនោះមានហានិភ័យក្នុងការបាត់បង់ភាពទាក់ទាញរបស់វា។
ខណៈពេលដែលនីវ៉ូទឹក ត្រូវបានគេដឹងថាប្រែប្រួលជារៀងរាល់ឆ្នាំ ការផ្លាស់ប្តូរទាំងនេះកាន់តែធ្ងន់ធ្ងរទៅ ដោយសារវិបត្តិអាកាសធាតុ។ យោងតាមអ្នកឧតុនិយមរបស់សារព័ត៌មាន CNN លោក Taylor Ward បានឱ្យដឹងថា រលកកម្ដៅរដូវរងាដ៏ខ្លាំងក្លា បាននាំឱ្យមានកំណើននៃការហួតហែង និងការថយចុះកម្រិតទឹកក្នុងបឹង ដែលបណ្ដាលឲ្យស្ថានភាពនីវ៉ូទឹកកាន់តែអាក្រក់ឡើងមកពីគ្រោះរាំងស្ងួត៕


