អ៊ីរ៉ង់៖ មេបញ្ជាការយោធាជាន់ខ្ពស់មួយរូប បានថ្លែងថា អ៊ីរ៉ង់បានប្រើប្រាស់យានដ្រូនស្ទាក់ចាប់ Karrar ផលិតក្នុងស្រុករបស់ខ្លួន ដើម្បីព្រមានយន្តហោះអាមេរិកឲ្យចេញពីដែនអាកាសរបស់ប្រទេសនេះ ក្នុងឱកាសជាច្រើនក្នុងរយៈពេលពីរឆ្នាំ កន្លងមកនេះ។
នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក អាលីរីហ្សា អែលហាមី ( Alireza Elhami) មេបញ្ជាការរងនៃកងកម្លាំងការពារដែនអាកាសរបស់កងទ័ពអ៊ីរ៉ង់ បានធ្វើការបញ្ជាក់ ខណៈដែលកំពុងធ្វើអត្ថាធិប្បាយអំពីយានដ្រូននិងសមត្ថភាពការពាររបស់កងទ័ពអាកាស។
លោកបាននិយាយថា អ៊ីរ៉ង់បានប្រើប្រាស់យានដ្រូន Karrar ដើម្បីព្រមានយន្តហោះអាមេរិក ក៏ដូចជាយន្តហោះចម្បាំងមកពីប្រទេសផ្សេងទៀត ឲ្យនៅឆ្ងាយពីដែនទឹកភាគខាងត្បូងរបស់ខ្លួន។
លោក អែលហាមី បាននិយាយថា ក្នុងឱកាសមួយ យន្តហោះល្បាតដែនសមុទ្រ និងឈ្លបយកការណ៍ Boeing P-8 Poseidon របស់សហរដ្ឋអាមេរិក ត្រូវបានបង្ខំឲ្យផ្លាស់ប្តូរផ្លូវរបស់ខ្លួន បន្ទាប់ពីការព្រមាន ខណៈដែលនៅឱកាសមួយផ្សេងទៀត យានដ្រូន Northrop Grumman RQ-4 Global Hawk របស់សហរដ្ឋអាមេរិក ត្រូវបានព្រមានឲ្យចេញទៅឲ្យឆ្ងាយ៕


