ភ្នំពេញ៖ សិស្សនិស្សិត បានបង្ហាញនូវសុទិដ្ឋិនិយម និងក្តីរំពឹងយ៉ាងមុតមាំថា ក្នុងដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងប្រទេសឥណ្ឌូនេស៊ីរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏ដូចជាមានជំនួបទ្វេភាគីជាមួយមេដឹកនាំប្រទេសមួយចំនួន នឹងនាំមកនូវផ្លែផ្កាជាច្រើនមកដល់ប្រទេសកម្ពុជា ។
ក្រុមនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានលើកឡើងថា ពួកគេជឿជាក់ថា សម្ដេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងនាំយកសក្ដានុពលផ្សេងៗ ទៅប្រាប់ដល់ប្រទេសអន្តរជាតិទាំងអស់នោះ ពិសេសវិស័យកសិកម្ម ដែលកម្ពុជា កំពុងមានការរីកចម្រើន ក៏ដូចជាការនាំមកនូវការវិនិយោគបន្ថែមពី អ្នកវិនិយោគបរទេស ។
ពួកគេ ក៏រំពឹងផងដែរ ចំពោះសម្ដេចធិបតី នឹងពិភាក្សាជាមួយប្រទេស ដែលមានការរីកចម្រើន ទាំងអស់នោះ ក្នុងការផ្ដល់នូវអាហារូបករណ៍បន្ថែមដល់សិស្សនិស្សិតកម្ពុជា ឬពួកគេនឹងផ្ដល់នូវអ្នកជំនាញលើវិស័យនានា មកផ្ដល់ចំណេះដឹងដល់ពលរដ្ឋកម្ពុជា ក្នុងនោះមានវិស័យកសិកម្ម ទេសចរណ៍ ជាដើម ។
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមាន ប្រសាសន៍ថា នាឱកាសចូលរួមកិច្ចប្រជុំកំពូល នៅក្នុងក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជាមេដឹកនាំក្មេងជាងគេ ក្នុងចំណោមមេដឹកនាំនានានោះ គ្រោងជួបពិភាក្សាទ្វេភាគី ជាមួយមេដឹកនាំប្រទេសធំៗជាច្រើន មានដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី ឥណ្ឌា សហរដ្ឋអាមេរិក អូស្ត្រាលី និងនូវែលហ្សេឡង់ ជាដើម ។
ឯកឧត្តម បានបញ្ជាក់ថា នៅមុនពេលចេញដំណើរនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួប ពិភាក្សាការងាររួចហើយជាមួយតំណាងប្រទេសមហាអំណាចធំៗ ដូចជា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រ ចាំកម្ពុជា, គណៈប្រតិភូសភា និងតំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ជាដើម ៕អត្ថបទ៖ បាន សុខរិទ្ធិ
