ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បន្តបើកកិច្ចប្រជុំ ចចារលើការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ខណៈនាព្រឹកនេះ ភាគីសហជីព និងភាគីនិយោជកបានបើកកិច្ចប្រជុំផ្ទៃក្នុងរៀងៗ មុននឹងបើកកិច្ចប្រជុំចចារលក្ខណៈត្រីភាគី។
កិច្ចប្រជុំលើកនេះ គឺជាកិច្ចប្រជុំលើកទី៣ហើយ ដែលក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ប្រកាសបើកកិច្ចប្រជុំចចារ ដើម្បីកំណត់តួលេខប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភ័ណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
តាមលោក អាត ធន់ ប្រធានសភាពការងារកម្ពុជា បានឱ្យដឹងថា កាលពីកិច្ចប្រជុំលើកទី២កន្លងទៅ ភាគីសហជីពបានបញ្ចេញតួលេខចំនួន២ គឺស្នើសុំដំឡើងចំនួនជាង ១២ដុល្លារ និងតួលេខមួយទៀត ស្នើសុំដំឡើងជាង ២០ដុល្លារ។
លោកបន្តថា នេះគ្រាន់តែជាតួលេខស្នើសុំក្នុងការពិភាក្សារបស់ក្រុមសហជីពទេ ដោយមិនដឹងថា ភាគីនិយោជកឯកភាពក្នុងចំនួនប៉ុន្មាននោះផងដែរ។
សូមរម្លឹកទៀតថា កិច្ចប្រជុំចចារប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភ័ណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប គឺត្រូវផ្អែកគោលការណ៍លក្ខណវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អាត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។ គិតត្រឹមឆ្នាំ២០២៣នេះ ប្រាក់ឈ្នួលអប្បរមាដែលកម្មករនិយោជិតទទួលបាន គឺចំនួន ២០០ដុល្លារអាម៉េរិក ក្នុងមួយខែ។
សូមជម្រាបថា តាមរយៈជំនួបជាមួយកម្មករកម្មការិនី កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រគល់ភារកិច្ចដល់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវប្រជុំដោះស្រាយជាមួយភាគីពាក់ព័ន្ធ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៤ ឱ្យបានរួចរាល់នៅមុនថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌនាខែតុលា ខាងមុខនេះ៕អត្ថបទ៖ ឈិត បូរ៉ាវី

