ភ្នំពេញ៖ សមាគមន៍ អង្គការសង្គមស៊ីវិល ជាដៃគូមន្ទីរផែនការនៃរាជធានីភ្នំពេញ បានបង្កើនកិច្ចសហការ បន្តស្វែងរកបុគ្គលបម្រើការតាមមណ្ឌលសេវាកម្សាន្តទេសចរណ៍ ផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានឈ្មោះនៅក្នុងបញ្ជី នៃក្រសួងផែនការ មកផ្តល់បទសំភាសន៍នៅតាមសាលាសង្កាត់ ដើម្បីផ្តល់ជូនបណ្ណមូលនីធីសមធម៌សុខាភិបាល ទទួលបានអត្ថប្រយោជន៍ និងការពិនិត្យថែទាំសុខភាព ព្យាបាលជំងឺដោយមិនគិតថ្លៃ ពីរាជរដ្ឋាភិបាល។
មន្ត្រីមន្ទីរផែនការរាជធានីភ្នំពេញ និងសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ CWPD បានថ្លែងប្រាប់BTV នៅថ្ងៃទី៤ ខែកញ្ញានេះថា នៅពេលនេះ យុទ្ធនាការចុះសម្ភាសន៍ផ្តល់បណ្ណមូលនីធីសមធម៌ ឬបណ្ណក្រីក្រ ជូនបុគ្គលបម្រើការ នៅតាមមណ្ឌលសេវាកម្សាន្តទេសចរណ៍ ផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅបណ្តាខ័ណ្ឌនានា នៅក្នុងរាជធានីភ្នំពេញ ត្រូវបានបញ្ចប់ ប៉ុន្តែសម្រាប់អ្នកបម្រើការតាមសេវាកម្សាន្តនេះ ដែលនៅមិនទាន់ទៅផ្តល់សម្ភាសន៍ ត្រូវបានបុគ្គលិក នៃសមាគន៍ CWPD និងអង្គការជាដៃគូនានាទៀត គឺបាននិងកំពុងស្វែងរកបុគ្គលបម្រើការតាមសេវាកម្សាន្តទាំងនោះ ទៅទៅផ្តល់ការសម្ភាសន៍ ធ្វើបណ្ណសមធម៌តាមសាលាសង្កាត់ដើម្បីបានបណ្ណក្រីក្រនោះ។
បុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងវិស័យទេសចរណ៍ បានថ្លែងអរគុណរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានដែលសហការរៀបចំផ្តល់បណ្ណក្រីក្រ សម្រាប់អ្នកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ មកពីតាមបណ្តាខេត្តនានា មកស្នាក់នៅបម្រើការ នៅក្នុងរាជធានីភ្នំពេញ។
លោក កែវ អ៊ូលី ប្រធាននាយកដ្ឋានកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រនៃ ក្រសួងផែនការ បានថ្លែងថា បុគ្គលបម្រើការ នៅតាមមណ្ឌលសេវាកម្សាន្តទេសចរណ៍ ក្រៅប្រព័ន្ធ ដែលមានជីវភាពក្រីក្រ ហើយអាចធ្វើបណ្ណក្រីក្រ បានគឺតម្រូវឲ្យមានអត្ថសញ្ញាណបណ្ណសញ្ជាតិខ្មែរ មានលិខិតបញ្ជាក់ការស្នាក់នៅពីអាជ្ញាធរសង្កាត់ចំនួនបីខែឡើងទៅ និងមានឈ្មោះនៅក្នុងបញ្ជី ដែលផ្តល់មកពី អាជ្ញាធរមូលដ្ឋាន ឃុំសង្កាត់ អង្គការសង្គមស៊ីវិល និងមន្ទីរទេសចរណ៍រាជធានីខេត្តជាដើម នៅតាមបណ្តាគោលដៅទេសចរណ៍នានាទូទាំងប្រទេស៕អត្ថបទ ស៊ុម សុខជា